ប្រកាសតែងតាំងឯកឧត្ដម ឃួង ស្រេង ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ -នារសៀលថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ  កុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញមានរៀបចំពិធី ប្រកាសតែងតាំង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីមន្ត្រីកាកបាទក្រហមរាជធានីជាច្រើនរូបទៀត ។

យោងតាមសេចក្តីសម្រេច លេខ០០៦ កក្រក.ធធ.ចត បានប្រកាសតែងតាំង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី ជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងសេចក្តីសម្រេច លេខ០០៧ កក្រក.ធធ.ចត បានប្រកាសតែងតាំងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ អាណត្តិទី៥ ជំនួស ឯកឧត្ដម ឃួង ស្រេង ។

ក្នុងនោះសាខាការបាទក្រហមកម្ពុជា បានសម្រេចរៀបចំប្រកាសតែងតាំងប្រធាន-អនុប្រធាន និងប្រធានកិត្តិយស កិត្តិយស សមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវតាមការងារចាំបាច់របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងអាណត្តិទី៥នេះ បានធ្វើការប្ដេជ្ញាចិត្ត។ក្នុងការបំពេញបេសកកម្មដ៏ឧត្តុងឧត្តមនេះ ដោយ ប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព

លោកជំទាវ ឃួន សុដារី បានសម្តែងនូវការអបអរសាទរ ក្នុងការរៀបចំរចនាសម្ព័ន្ធសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ហើយលោកជំទាវក៏បានជំរុញដល់សាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ត្រូវបន្តអនុវត្តន៍ភារកិច្ច និងខិតខំបម្រើការងារមនុស្សធម៌ឱ្យស្របទៅតាមគោលការរបស់កាកបាទក្រហមកម្ពុជា គឺជាជំនួយការមនុស្សធម៌ដល់រាជរដ្ឋាភិបាល និងជាជំនួយការក្នុងការកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ៕

ដោយសួស សំរិត