អភិបាលខេត្តរតនគិរី ប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ របបសន្តិសុខសង្គមដល់ ជូនមន្ត្រីរាជការរដ្ឋបាលខេត្ត

AKP រតនគិរី នៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី មានរៀបចំពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការរដ្ឋបាល ខេត្ត ក្រុង ស្រុក នៃខេត្តរតនគិរី ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។

ក្នុងឱ្យកាសនោះឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់បញ្ហាសុខុមាលភាពរបស់មន្ត្រីរាជការ និងបានដាក់ចេញនូវគោលនយោបាយនេះឡើង សំដៅលើកកម្ពស់ផលប្រយោជន៍ សេដ្ឋកិច្ច និងការគាំពារសង្គមដល់អតីតមន្ត្រីរាជការ អតីតយុទ្ធជន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលបាននិងកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៃខេត្តរតនគិរីទាំងអស់ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវលើការបំពេញតួនាទី ភារកិច្ចការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានគុណភាព ប្រសិទ្ធភាព សំដៅលើកកម្ពស់ និងសម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញ ហើយក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានេះផងដែរមន្ត្រីដែលអសកម្មការងារនឹងត្រូវរងនូវវិន័យរដ្ឋបាល ឬកែសម្រួលតួនាទីភារកិច្ច ៕

ដោយ ណយ នឿន