អភិបាលខេត្តកំពង់ធំចែកអំណោយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋមានជីវភាពលំបាក នៅស្រុកកំពង់ស្វាយ

AKP កំពង់ធំ ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះចំនួន២២៩គ្រួសារ មកពីឃុំនិពេជ្រ និងឃុំដំរីស្លាប់ នៅវត្តបិយម្ពវ័ន ហៅវត្តសង្គម ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាព និងលទ្ធផលការងាររបស់រដ្ឋបាលស្រុក ជាពិសេសការអនុវត្តការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដំណើរការយ៉ាងផុលផុស និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកកម្ពុជាជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូន ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។ ឯកឧត្តមបន្តថា ភាពក្រីក្រប្រទេសណាក៏មានដែរ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ ដោយគ្មានអាហារហូបនោះទេ។ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ឃុំ សង្កាត់ គឺជាអ្នកដែលនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា អំណោយទាំងអស់នេះ គឺគ្រាន់តែជួយដោះស្រាយការលំបាកបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះសូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯងបន្ថែមទៀត ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ឯកឧត្តមក៏បានជម្រាបពីដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិលមកជាប្រទេសមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពរបស់ប្រជាពល រដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់។

អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២២៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីតមួយកញ្ចប់៕

ដោយ ស៊ុម វណ្ណា