ភ្ញៀវទេសចរបរទេសជិត ៤.០០០នាក់ ធ្វើទស្សនកិច្ចនៅកម្ពុជា ចូលតាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី១១ ​ខែកុម្ភៈ ឆ្នាំ២០១៩ -មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មាននាវាទេសចរណ៍ខ្នាតធំមួយគ្រឿង មានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរបរ ទេស ចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ ភ្ញៀវទេសចរចូលតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពមុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ។

នាវាទេសចរណ៍ខ្នាតធំ COSTA FORTUNA មានសញ្ជាតិ ITALY  បណ្តោយប្រវែង ២៧២.១៥ម៉ែត្រ ទទឹង ៣៥.៥០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៦២សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ និង ១០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី នៅវេលាម៉ោង ១៨យប់ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា COSTA FORTUNA ជិត ៤.០០០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសសរុបមានចំនួន ២.៨០១នាក់ ស្រី ១.៥៥១នាក់ មាន ៦២សញ្ជាតិ និងមាន​នាវិកសរុបចំនួន ៩៧៥នាក់ ស្រី ១៤៦នាក់ មាន ៣៦សញ្ជាតិ ។ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា ITALY ចំនួន ៦៣៣នាក់ FRANCE ចំនួន ២៧៩នាក់ និង CHINA ១២៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។

ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានដូចជាទីប្រជុំជនផ្សារ តំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ និងតាមតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្របពេលដែលរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍បង្ហាញពីសក្តានុពលទេសចរណ៍ និងបរិស្ថាន រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីទាក់ទាញ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគមកកាន់ខេត្តព្រះសីហនុ ។

ភ្ញៀវទេសចរបរទេសមកពីខេត្តសៀមរាបចំនួន ០២នាក់ បន្តដំណើរតាមនាវា  COSTA FORTUNA ចេញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទៅកាន់ប្រទេសសិង្ហបុរី  ។

សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មាននាវាទេសចរណ៍បរទេសមួយគ្រឿង នាំភ្ញៀវទេសចរជិត ៣.០០០ចូលចត ធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ ៕

ដោយ ងូ សុមុនី