អភិបាលខេត្តបន្ទាយមានជ័យរម្លឹកប្រជាពលរដ្ឋចូលរួមថែរក្សាទឹកទុក​ប្រើប្រាស់ឱ្យមាន លក្ខណៈសន្សំសំចៃ

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ​ខែកុម្ភៈ ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ បានធ្វើការអំពាវនាវដោយក្រើនរម្លឹក ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងអស់គ្នាក្នុងការប្រើប្រាស់ទឹកឱ្យមាន លក្ខណៈសន្សំសំចៃ​ខ្ពស់ និងចូលរួមថែរក្សាទឹកទុកនៅតាមស្ទឹង បឹងបួរ ព្រែក អូរ ប្រឡាយ ត្រពាំង ស្រះ នៅតាម​មូលដ្ឋានរបស់ខ្លួនសម្រាប់ការប្រើប្រាស់នៅរដូវប្រាំងនេះ។

ការថ្លែងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសដឹកនាំកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានជាង២.០០០នាក់ បានចុះធ្វើពលកម្ម​ស្តារសម្អាត ទាញយកពើក កំប្លោក ចេញពីស្ទឹងស្វាយចេក នៅស្រុកស្វាយចេកប្រវែងជាង ​​​​២.០០០ម៉ែត្រ ​កាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ​ឆ្នាំ ២០១៩។

ឯកឧត្តម សួន បវរ មានប្រសាសន៍ថា ការរួមកម្លាំងគ្នាចុះធ្វើពលកម្មសម្អាតបរិស្ថាន ស្ទឹងស្វាយចេកនេះ ដើម្បីធ្វើឱ្យស្ទឹងមានសោភណភាពល្អស្អាត និងធ្វើឱ្យទឹកស្ទឹងនេះមាន អនាម័យ​សម្រាប់ឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់នៅរដូវប្រាំងនេះឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះបានចេញសារាចរណែនាំស្ដី ពីការចាត់វិធានការ ការថែរក្សាទឹកនៅដើមឆ្នាំ២០១៩ ពិសេសក្នុងខែមេសា និងខែឧសភា អាច ដែលអាចប្រឈមទៅនឹងការខ្វះខាតទឹក ដោយឆ្នាំនេះរដូវប្រាំងក្តៅហួតហែង សីតុណ្ហ ភាពអតិបរមា អាចហក់ឡើងពី៤០-៤២អង្សាសេ។ ជាមួយគ្នានោះរាជរដ្ឋាភិបាល ហាមមិនឱ្យ មានការធ្វើស្រែប្រាំងជាលើកទី២នោះទេ ដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោច ស្រពដាំដំណាំ រួមផ្សំផ្សេងៗ ក្រៅពីដំណាំស្រូវ ។​

អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងទៀតថាអាជ្ញាធរខេត្តបានបញ្ជាទៅដល់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ត្រូវបន្តខិតខំអប់រំប្រជាពលរដ្ឋយើងឱ្យចេះថ្លឹងថ្លែងក្នុងការប្រើប្រាស់​ទឹកដោយមានកម្រិតសន្សំសំចៃដែលក្នុងនោះសុំកុំឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងបន្ថែមទៀតហើយក៏ត្រូវតែថែរក្សាទឹកនៅតាមត្រពាំង បឹងបួរធម្មជាតិទាំងអស់និងមិនអនុញ្ញាតឱ្យបូម​ទឹកចាប់ត្រីនោះទេព្រោះយ៉ាងហោចណាស់រក្សាទុកទឹកទាំងអស់នេះដើម្បីធានាការផ្គតផ្គង់​ដល់ការប្រើប្រាស់ក្នុងរដូវប្រាំងនេះ បើមិនដូច្នោះទេយើងនឹងជួបហានិភ័យខ្ពស់ណាស់លើ បញ្ហាខ្វះទឹកនេះសម្រាប់ខេត្តបន្ទាយមានជ័យ ដូចកាលពីឆ្នាំ២០១៦កន្លងមកនេះ។

​    ក្នុងឱកាសដឹកនាំកម្លាំងចុះធ្វើពលកម្មសម្អាតទឹកស្ទឹងស្វាយចេកនេះលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធខេត្ត​បន្ទាយមានជ័យ ឱ្យដឹងថា ក្រៅការងារការពារសុខ សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ បង្ក្រាប បង្ការ រាល់បទល្មើស កម្លាំងអាវុធហត្ថយើងក៏នៅ បន្តជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋមិនថាគ្រោះមហន្តរាយឡើយកម្លាំងអាវុធហត្ថយើង នៅតែបន្តសកម្មភាពជួយពួកគាត់ជានិច្ចកាល។

ដោយឡែកលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ បានប្រាប់ថា ថ្ងៃនេះកម្លាំងយោធាយើងបានចុះជួយស្តារស្ទឹងស្វាយចេក ជាក់ស្តែងស្ទឹង នេះ គោកដោយសារពើក កំប្លោក ដុះពេញស្ទឹងតែម្តង ក្រៅពីការងារការពារទឹកដី កម្លាំងយោ ធាយើងនៅបន្តជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ បានប្រាប់ ដែរថា ថ្ងៃនេះជាថ្ងៃអាទិត្យ និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ តែកម្លាំងនគរបាលខេត្ត នៅតែជួយដល់បងប្អូនប្រជាពលរដ្ឋទោះបីជាហត់នឿយយ៉ាងណាតែពួកយើងជាកម្លាំងនគរបាលនៅតែមានស្នាមញញឹម​ជានិច្ច ជួយសង្គ្រោះទាំងយប់ទាំងថ្ងៃ ។ លោកឧត្តមសេនីយ៍ទោ បានបន្តថា ​កម្លាំងនគរបាលខេត្ត ស្រុក ក្រុង និងវរសេនាតូចការពារព្រំដែនគោកទាំង៤ សរុប ចំនួន ៨០០នាក់ រួមទាំងមធ្យោបាយមានទូក, រថយន្តពន្លត់អគ្គិភ័យ ចុះបារសម្អាតកំប្លោក និងពើក ដែលនៅក្នុងស្ទឹងស្វាយចេកនេះ ៕

ដោយឈុន សារ៉ាត