សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថត ពីជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាបង្ហា​ញរូប​ថត​មួយចំនួនពីជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន ដែលបានរុញប្រទេស​ជា​តិ​ឱ្យធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចតេ​ជោ​នាយករដ្ឋមន្រ្ដីបានសរសេរថា រូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យ​សង្រ្គាមរត់លូន។ សម្ដេចតេជោបានលើកឡើងថា ស​​ង្រ្គាមដែលបានកើតឡើងកន្លងមក​គឺ​បណ្តាលមកពីការអុជអាល ញុះញ៉ង់ អូសទាញ លាប​ព​ណ៌ និងជ្រៀតជ្រែកពីបរទេស និង​ពីក្រុមអគតិមួយចំនួនដែលបាន​រុញប្រទេសជាតិ​ឱ្យ​ធ្លាក់​ក្នុ​ង​វិបត្តិសង្រ្គាម និងរបបប្រល័យ​ពូជសាសន៍។ សម្ដេចបានសរសេរទៀតថា  “ជីវិតយុវវ័យ​ខ្ញុំផ្ទា​ល់ គឺគ្មានស្គាល់​អ្វី​ដែ​ល​ហៅថា សេចក្តីសុខ និងសប្បាយ សូម្បីតែការសិក្សា​ក៏មិនបានពេញ​លេ​ញដែរ។ ខ្ញុំបានចូលធ្វើ​ទាហាន​តាំងពីអាយុ១៨ឆ្នាំ ដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និង​ពិការភ្នែកម្ខាង​មកទល់សព្វថ្ងៃទៀតផង។”

សម្ដេចតេជោបានបន្ដថា យើងឆ្អែតហើយសង្រ្គាម និងការនិរាស​ព្រាត់ប្រា​ស់​​ ហើយ ពេលនេះយើងជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត។ សម្ដេចតេជោក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាថែរក្សា និងការពារសន្តិ​ភាព​ឱ្យ​បានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើ​យអនាគតកូនក្មួយ​យុវជន​យុវនារីក៏កាន់តែមានឱកាសល្អៗ ឆ្ពោះទៅ​រកជីវិតរុងរឿងក្នុង​ស​ម័​យ​សន្តិភាព។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួប​តែសេចក្តីសុខ និងបានសប្បាយរីក​រា​យនា​​ចុងសប្តាហ៍៕

ដោយ ជឹម ណារី