ក្នុងឆ្នាំ២០១៨កន្លងមក ខេត្តបន្ទាយមានជ័យ ប្រមូលចំណូលពន្ធបានលើសផែនការប្រចាំឆ្នាំ

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្នុងឆ្នាំ២០១៨កន្លងមក ខេត្តបន្ទាយមានជ័យបានប្រមូលចំណូលពន្ធ និងអាករបានសរុប ១.៣២២.១០១,១៨លានរៀល ស្មើនឹង១១៣.៣២ភាគរយ នៃផែនការ ដោយកើនឡើងចំនួន ៣៨២.៦២៨,៩១លានរៀល ធៀបនឹងឆ្នាំ២០១៧។ ចំណែកចំណូលប្រាក់ ពិន័យបានពីបង្ក្រាបទំនិញគេចពន្ធសរុប១០.៤៣៩,៧៨លានរៀល ក្នុងនោះទំនិញដែលផ្តល់ចំណូលខ្ពស់រួមមាន រថយន្ត ម៉ូតូ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និងស៊ីម៉ង់។ល។ ដោយឡែកចំណូលសាខាពន្ធដាខេត្ត ប្រមូលចំណូលបានសរុប៦១.០៤៨,៥ ២លានរៀល កើនជាងឆ្នាំ២០១៧ ចំនួន២៩.១២៨, ២៨លានរៀល។ នេះជាការលើកឡើងរបស់អភិបាលខេត្ដបន្ទាយមានជ័យ។

ក្នុងជំនួបពិភាក្សាឈ្វេងយល់ពីការប្រឈម និងការរីក ចម្រើនរបស់ខេត្តជាមួយគណៈប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយលោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ជាមួយនឹងការរីកចម្រើននេះ ខេត្តក៏មានបញ្ហាប្រឈមមួយចំនួនផងដែរដូចជា នៅតាមច្រកអន្តរជាតិចំនួន៤ និងចក្ររបៀងចំនួន៦១ ដែលនៅមានការគេចពន្ធ ផ្នែកពន្ធដារបស់ខេត្តនៅខ្វះបុគ្គលិកជំនាញក្នុងការប្រមូលពន្ធ។

ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប បាន វាយតម្លៃខ្ពស់នូវរាល់សមិទ្ឋផលដែលខេត្តទទួលបានក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ឋផលទាំងនេះ ជាកិច្ចខិត ខំប្រឹងប្រែងទាំងអស់គ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេ សថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលជាប្រតិបត្តិផ្ទាល់នៅទីនេះ។ ទន្ទឹមនេះ រាល់បញ្ហាប្រឈម គណៈកម្មការនឹងធ្វើរបាយការណ៍តាមរយៈប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយជូន។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ខេត្តត្រូវពង្រឹងការអនុវត្តច្បាប់ ជាពិសេសការខិតខំប្រមូលពន្ធ ដើម្បីបង្កើនថវិកាជាតិសម្រាប់ការអភិវឌ្ឍជាតិឱ្យមានការកើនឡើងថែមទៀត៕

ដោយ ប៉ាល់ សុង