ក្រសួងអប់រំ និងអង្គការយូណេស្កូ នឹងផ្សព្វផ្សាយរបាយការណ៍ពិនិត្យតាមដានការអប់រំជា សកលឆ្នាំ២០១៩ នៅកម្ពុជា នាសប្ដាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូណេស្កូ នឹងរៀបចំពិធីផ្សព្វផ្សាយ​របាយការណ៍ត្រួតពិនិត្យតាមដានការអប់រំជាសកលឆ្នាំ២០១៩ ស្ដីពីការធ្វើចំណាកស្រុក ការ ផ្លាស់ប្ដូរទីលំនៅដោយបង្ខំ និងការអប់រំ៖ សង់ស្ពានចម្លង មិនមែនសង់ជញ្ជាំងនោះទេ ដែល នឹងប្រព្រឹត្ដទៅនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌ មានរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា​ ការផ្សព្វផ្សាយរបាយការណ៍នេះ នឹងមានការ អញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ទេសរដ្ឋមន្រ្ដី រដ្ឋ មន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា​ លោកស្រី Pauline Tamesis   អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំ នៅកម្ពុជា ក្រសួងពាក់ព័ន្ធ ស្ថាប័នឧត្ដមសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គម ស៊ីវិលនានា។

ក្នុងរបាយការណ៍បានបង្ហាញសមិទ្ធផលដែលសម្រេចបាន និងចំណុចខ្វះខាតរបស់ ប្រទេសនានាក្នុងការធានាសិទ្ធិរបស់កុមារ និងយុវជនជាជនចំណាកស្រុក និងជនភៀសខ្លួន ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ជាសិទ្ធិដែលផ្ដល់ប្រយោជន៍ដល់អ្នករៀន សូត្រផង  និងសហគមន៍ដែលគេរស់នៅផង។ ទន្ទឹមនេះ ក្នុងរបាយការណ៍ក៏បានលើកឡើង អំពីការសម្រេចនូវវឌ្ឍនភាពជឿនលឿនមួយចំនួនក្នុងការបញ្ចូនជនភៀសខ្លួនក្នុងប្រព័ន្ធអប់រំជាតិ ដូចដែលស្ដែងចេញឱ្យឃើញនៅក្នុងប្រទេសចំនួន៨ ក្នុងចំណោមប្រទេសចំនួន១០ ដែលទទួលជនភៀសខ្លួនឱ្យរស់នៅច្រើនជាងគេ ហើយប្រការនេះបានផ្ដល់នូវមេរៀនបទ ពិសោធន៍ និងឧទាហរណ៍ជាច្រើននៃរបៀបផ្ដល់ការអប់រំបែបបរិយាប័ន្នដល់ជន ចំណាកស្រុក ដល់ប្រព័ន្ធអប់រំជាតិ។

ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយ​របាយការណ៍ត្រួតពិនិត្យតាមដានការអប់រំជាសកល ឆ្នាំ២០១៩ នេះក្នុងគោលបំណងដើម្បីចែករំលែកនូវគំហើញថ្មីៗក្នុងរបាយការណ៍ និងជួយ ឱ្យធ្វើការពិភាក្សាគ្នាឆ្លុះបញ្ចាំងឡើងវិញទៅលើគំនិតផ្ដួចផ្ដើមថ្មីៗក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ សម្រាប់ជួយធ្វើឱ្យប្រសើរឡើងដល់សិទ្ធិទទួលបានការអប់រំសម្រាប់ជនចំណាកស្រុក កុមារ និងយុវជនក្រៅសាលា។ ជាពិសេសជួយឱ្យភាគីពាក់ព័ន្ធអាចរកដំណោះស្រាយ ដែល អាចឆ្លើយតបបានទៅនឹងបញ្ហាការធ្វើចំណាកស្រុកនៅក្នុងប្រទេស ដោយសារតែមានការរីក លូតលាស់ផ្នែកសេដ្ឋកិច្ច និងការធ្វើនគរូបនីយកម្មលឿនរហ័សនៅក្នុងប្រទេសកម្ពុជា៕

ដោយ អ៊ុន រិទ្ធី