ក្នុងរយៈពេល៦០ថ្ងៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចុះពិនិត្យរកឃើញជនបរទេសសរុប ៤០.៧៧០នាក់ និងមាន៥៧សញ្ជាតិ នៅខេត្ដព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ក្នុងយុទ្ធនាការចុះត្រួត ពិនិត្យវត្តមានជនបរទេស ក្នុងរយៈពេល ៦០ថ្ងៃនៅខេត្ដព្រះសីហនុ គឺការចុះត្រួតពិនិត្យតាម​គោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍ជនបរទេសចំនួន២.០៥២ គោលដៅ ដែល​មានជនបរទេសសរុប៤០.៧៧០នាក់ ស្រី ៨.៣៨៧នាក់ ក្នុងនោះមាន ៥៧សញ្ជាតិ និងមាន​មុខរបរអាជីវកម្ម ចំនួន ២១ប្រភេទ។ នេះបើយោងតាមការផ្សាយនៅលើ​ទំព័រហ្វេកប៊ុកផ្លូវ​ការ​របស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។ក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ដំបូងស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសរបស់​ក្រុម​ការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ការចុះត្រួតពិនិត្យវត្តមានជនបរទេស របស់​ក្រុម​ការងារគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានភាពជាក់លាក់តែទីតាំង​គោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍របស់ជនបរទេសតែប៉ុណ្ណោះ។ ឯកឧត្ដម​បានបន្ដថា ការចុះត្រួតពិនិត្យនេះគឺចំពោះទិន្នន័យជាក់លាក់ពីចំនួនជនបរទេស ដែលស្នាក់​នៅ និងបម្រើការងារនៅក្នុងទីតាំងរបស់ខ្លួន ដោយកន្លែងខ្លះមានភាពលាក់លៀមមិនផ្ដល់​ទិន្នន័យ គឺបានត្រឹមតែ៣០-៤០ភាគរយ និងកន្លែងខ្លះទៀតទទួលបានត្រឹមតែ ៥០-៦០ភាគរយ តែប៉ុណ្ណោះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃអគ្គស្នងការ​ដ្ឋាននគរបាលជាតិបានមានប្រសាសន៍កោតសរសើរដល់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹង​រដ្ឋបាល​ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេស​ដែលទទួលបានលទ្ធផលល្អប្រសើរ ទោះបីមិនទាន់សម្រេចបានមួយរយភាគរយក៏ដោយ តែ សកម្មភាពនេះអាចជាការគំរូចាប់ផ្តើមសម្រាប់ខេត្តផ្សេងទៀតនៅទូទាំងប្រទេស។ ឯកឧត្តម​ បានជំរុញដល់ក្រុមការងារបន្ត និងប្រឹងប្រែងបន្ថែមទៀតក្នុងការចុះត្រួតពិនិត្យវត្តមានជន​បរទេសនេះ ជាពិសេសជំរុញដល់ម្ចាស់ទីតាំង នៃទីតាំងទាំងអស់ ត្រូវតែផ្ដល់ទិន្នន័យ​ជាក់​លាក់នៃចំនួនជនបរទេស ដែលស្នាក់នៅ និងបម្រើការងារ សំដៅងាយស្រួលក្នុងការគ្រប់គ្រង ហើយបើនៅតែមានការលាក់បាំង និងផ្ដល់ទិន្នន័យ មិនជាក់លាក់ទៀត នឹងមានការអនុវត្ត​តាម​ផ្លូវច្បាប់ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នៅពេលខាងមុខនេះ ក្រុមការងារនឹង​រៀបចំកិច្ចប្រជុំ ជាមួយម្ចាស់ទីតាំងទាំង២.០៥២គោលដៅនេះ ដើម្បី​សហការបានល្អជាមួយ​សមត្ថកិច្ចមិនលាក់លៀមជនបរទេស និងការយល់ដឹងពីច្បាប់ ដើម្បីសុវត្ថិភាព និងសម្រួល​ដល់​ការធ្វើអាជីវកម្ម វិនិយោគ នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាល ខេត្តព្រះសីហនុនេះ ត្រូវបានបង្កើត ឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ដែលដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជា​មួយរដ្ឋបាល ស្នងការដ្ឋាននគរបាល មន្ទីរការងារ មន្ទីរពាណិជ្ជកម្ម និងមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដោយបានចុះពិនិត្យ សិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានជុំវិញបញ្ហានានា ដែលបាន និងកំពុងកើតឡើងនៅខេត្តព្រះសីហនុ សំដៅគាំទ្រ និងព្រងឹងរដ្ឋបាលខេត្តនៅ ក្នុងការគ្រប់គ្រងរដ្ឋបាល និងដោះស្រាយបញ្ហានានា ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និង ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជនបរទេសគ្រប់ប្រភេទ ដែលបានមក ស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ៕

ដោយ អ៊ុន រិទ្ធី