ឯកឧត្តម លឹម គានហោ ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈ កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) និងសហការី កាលពី រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា  ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែង នូវការស្វាគមន៍ និងអបអរសាទរចំពោះ លោកបណ្ឌិត អាន ពេជ្រហត្ថដា ដែលត្រូវបាន ជ្រើសរើសតែងតាំងជានាយកប្រតិបត្តិ MRCS សម្រាប់មួយអាណត្តិ ដែលមានរយៈពេលបីឆ្នាំ (២០១៩-២០២១) នេះក៏ជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជាផងដែរ។ លោកនាយក ប្រតិបត្តិ MRCS បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តីដែល អនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែង ការគួរសមនាពេលនេះ និងទទួលនូវអនុសាសន៍ ដើម្បីធ្វើឱ្យការដឹកនាំ និងការគ្រប់គ្រង MRCS នេះឱ្យមានប្រសិទ្ធភាព និងទទួលបាន ជោគជ័យ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហ ប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ ក្នុងបរិបទនៃ តម្រូវការទឹក ស្បៀង និងថាមពល ដែលកំពុងតែមានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងបញ្ហា ប្រឈមក្នុងអាងទន្លេមេគង្គ ដូចជាបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម ដែលបញ្ហាទាំងអស់នេះ ត្រូវរួមគ្នាគិតគូរដោះស្រាយដោយឈរ លើស្មារតីសហ ប្រតិបត្តិការ និងការទទួលខុសត្រូវរួម ក្នុងចំណោមប្រទេសជាសមាជិក និងក្នុងភាពជាដៃគូ ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរលោកនាយកប្រតិបត្តិ សូមឱ្យទទួល បានជោគជ័យសម្រាប់មុខតំណែងថ្មីនេះ និងបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនរួមមាន៖ ១.ត្រូវអនុវត្តន៍បានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នូវយុទ្ធសាស្រ្ត អភិវឌ្ឍន៍អាង ផែនការ យុទ្ធសាស្រ្ត MRC ឆ្នាំ២០១៦-២០២០ ផែនការការងារប្រចាំឆ្នាំ នីតិវិធី MRC និងជាពិសេស សេចក្តី ថ្លែងការណ៍ក្រុងសៀមរាប នៃកិច្ចប្រជុំកំពូល MRC លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៨។ ២.គោរពឱ្យបានខ្ជាប់ខ្ជួននូវនីតិវិធី និងបទដ្ឋានគតិយុត្តជាធរមានរបស់ MRC និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវរាល់សេចក្តីសម្រេច និងការណែនាំ របស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួមMRC។ ៣. ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហ ប្រតិបត្តិការ និង កិច្ចសម្របសម្រួលជាមួយ ប្រទេសជាសមាជិកឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ និងត្រូវយកចិត្តទុកដាក់ ពង្រឹងបរិយាកាសការងារល្អនៅ MRCS។  ៤.ត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ឱ្យបានល្អជាមួយយន្តការតំបន់ និងដៃគូពាក់ព័ន្ធ ជាពិសេសដៃ គូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងត្រូវខិតខំពង្រឹង និងកសាងទំនាក់ទំនងល្អ ជាមួយដៃគូ អភិវឌ្ឍន៍ដើម្បីបន្តជួយគាំទ្រការងារ MRC។ ៥.ត្រូវយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ធានានូវកិច្ច ដំណើរការជាប្រក្រតីនូវបណ្តាស្ថានីយ ជលសាស្រ្ត-ឧតុនិយម ដែលមាននាពេលបច្ចុប្បន្ន និងត្រូវពង្រឹងមជ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ថ្នាក់តំបន់ឱ្យដំណើរការ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ៦.ត្រូវតាមដាន និងរាយការណ៍មកប្រទេសជាសមាជិកជា បន្ទាន់នូវរាល់បញ្ហាឆ្លងដែន ដែលអាចកើតមាន ដូចជាគ្រោះទឹកជំនន់ បញ្ហាគុណភាព ទឹកជាដើម ដើម្បីមានវិធានការ សមស្របទាន់ពេលវេលា និងត្រូវបន្តយកចិត្តទុកដាក់លើការ ពង្រឹង និងអភិវឌ្ឍន៍ សមត្ថភាពមន្រ្តីនៅថ្នាក់ជាតិ។

ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោក និងសហ ការី បានចូលជួបសម្តែងការគួរសម និងបានទទួលនូវអនុសាសន៍ដ៏ល្អៗដែលត្រូវយក ទៅអនុវត្តន៍ដើម្បីដឹកនាំ និងគ្រប់គ្រង MRCS ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងបេសកកម្មគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គ៕

ដោយ សាយ សុន (​រូបថត៖ ក្រសួងការពារជាតិ)