ធនាគារអភិវឌ្ឍន៍អាស៊ីឈ្វេងយល់ពីគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានាក្នុងវិស័យបរិស្ថានកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន  បានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីក្រសួង។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សា ផ្លាស់ប្តូយោបល់ ស្តីពីការរៀបចំយុទ្ធសាស្ត្រជាដៃគូសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ (ADB Country Partnership Strategy 2019-2023)។

លោកស្រី  Sunniya Durrani-Jamal  បានបញ្ជាក់ថា កិច្ចជំនួបនាពេលនេះ គឺធនាគារអភិវឌ្ឍន៍អាស៊ី ចង់សិក្សាឈ្វេងយល់ពីគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានា ក្នុងវិស័យបរិស្ថាន ដើម្បី  ADB អាចដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រសម្រាប់ការអនុវត្ត និងការឈ្វេងយល់បន្ថែមពីការ សម្របសម្រួលការងារ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាព ស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្ត្រជាដៃគូសម្រាប់ អភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នឹងចែកចេញជា ៣ សសរស្តម្ភ ដែលសសរស្តម្ភទី១ ពាក់ព័ន្ធនឹងការងារក្នុងវិស័យបរិស្ថានលើ ការអភិវឌ្ឍន៍បៃតង (Green Growth) និងការប្រកួតប្រជែង (Competitiveness)។

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានជម្រាបជូនលោកស្រី  Sunniya Durrani-Jamal ពីភារកិច្ចស្នូលរបស់ក្រសួងបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធន ធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ពាក់ព័ន្ធការងារប្រែប្រួល អាកាសធាតុ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានបាន សហការជាមួយក្រសួង-ស្ថាប័នជំនាញនានា ក្នុងការអនុវត្តសកម្មភាពបន្សាំ និងកាត់បន្ថយការប៉ះពាល់គ្រប់រូបភាព។ ជាមួយនេះដែរ ក្រសួងបានយកចិត្តទុកដាក់ខ្លាំងលើការងារគ្រប់គ្រងសំណល់រឹង-រាវ ទីប្រជុំជន ជាពិសេសគឺការគ្រប់គ្រងសំណល់ប្លាស្ទិកជាដើម ដោយរិះរកនូវយន្តការ សមស្របមួយក្នុងការកែច្នៃកាកសំណល់ទាំងនេះដែរ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យលទ្ធភាព លើគម្រោងមួយចំនួនដែលទទួលជោគជ័យ ដើម្បីធ្វើការពង្រីកសកម្មភាព និងបង្កើន វិសាលភាពទៅកាន់ខេត្តគោលដៅដទៃទៀត និងសូមឱ្យការវាយតម្លៃប្រសិទ្ធភាពគម្រោង គឺអាស្រ័យលើការពេញចិត្ត និងការទទួលយករបស់អ្នកទទួលផលនៅមូលដ្ឋាន៕

ដោយ ពេជ្រ ណារិទ្ធ (រូបថត៖ក្រសួងបរិស្ថាន)