ការប្រកួតកីឡាសូហ្វតិន្នីស ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ ចាប់ផ្តើមប្រកួតជម្រុះនៅព្រឹកថ្ងៃសុក្រនេះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លើកទី៦ ប្រចាំឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរការប្រកួតជាផ្លូវការហើយ នៅព្រឹកថ្ងៃសុក្រទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឱ្យដឹងថា​ ការប្រកួតនេះដំណើរប្រកួត ជម្រុះ​ជាបន្តបន្ទាប់រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានកីឡាករ កីឡាការិនី ប្រតិភូ គ្រូបង្វឹកចូលរួមមានចំនួន៩០នាក់ មកពី៨ក្លិប។ ការប្រកួតនេះ សហព័ន្ធបានរៀបចំវិញ្ញាសាចំនួន៧ រួមមាន៖ ឯកត្តជនបុរស​អក្សរ-ក, ឯកត្តជននារី, វាយគូបុរសអក្សរ-ក, វាយគូនារី, វាយគូបុរសអក្សរ-ខ, ឯកត្តជន យុវជន​អាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយគូយុវជនអាយុក្រោម១៨ឆ្នាំ។

លោក យី សារិន គ្រូបង្វឹកជម្រើសជាតិ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានមាន​ប្រសាសន៍ថា បើតាមការវាយតម្លៃនៃគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីដែល​បានចូលរួមគឺមានការកើនឡើងល្អជាងឆ្នាំមុនៗ ដោយលោកអះអាងថា ការវាយតម្លៃនេះ​គឺបាន​ឈរលើគោលការណ៍ពីការពិនិត្យមើលការហ្វឹកហាត់របស់ពួកគាត់នៅតាមបណ្តា​ក្លិប​រៀងៗខ្លួន។ លោកបានបន្ដថា ដោយសារវិស័យកីឡាសូហ្វតិន្នីសមានភាពផុស​ផុលកាន់​តែខ្លាំងក្លា និងទាក់ទាញ​បាន​ការចូលរួមការហ្វឹកហាត់របស់យុវជននានាកាន់តែសម្បូរបែប ជាពិសេសគឺពួកគេទទួលបានការហ្វឹកហាត់ត្រឹមត្រូវ ទៀងទាត់តាមពេលវេលាដែល​បាន​កំណត់ទុក ដូច្នេះហើយទើបកម្រិតបច្ចេកទេស និងបរិមាណរបស់កីឡាករ កីឡាការិនីកាន់​តែកាន់​តែល្អ និងច្រើនឡើងៗ៕

ដោយ ហេង ណាលីន