លោកជំទាវ ម៉ែន សំអន បួងសួងសុំសេចក្តីសុខសេចក្តីចម្រើន នៅមុខប្រាសាទបាគង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ -លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកជំទាវជាភរិយាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ បួងសួងដល់ព្រះវិសណ្ណុ ព្រះម៉ែលក្ស្មី និងព្រះម៉ែមហាទេវី នៅស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ។

ពិធីបួងសួងនេះផងដែរគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយបុណ្យកុសល ក៏ដូចជាការរំលឹកគុណជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនក្នុងអតីតកាល ជាពិសេសបុព្វមហាបុរសខ្មែរនាសម័យមហានគរ ទេវតា ដែលថែរក្សាវត្ថុស័ក្តិសិទ្ធិទាំងអស់ រួមមាន មាតា បិតា និងញាតិការទាំងប្រាំពីរសន្ដាន ក៏ដូចជាការពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌សន្តិភាពនៅក្នុងរង្វង់មហាគ្រួសារខ្មែរ និងពិភពលោក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងថ្វាយជូនព្រះបារមីដ៏ស័ក្តិសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ក៏ដូចនៅក្នុងកម្ពុជរដ្ឋទាំងមូល ព្រមទាំងបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតារាជ ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និងបារមីអ្នកតាគ្រប់ទិសទី និងទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានានៅលើទឹកដីដ៏ស័ក្តិសិទ្ធិតាមជួយបីបាច់ ថែរក្សាថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ជួយប្រទេសជាតិឱ្យមានតែសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយក៏សូមឱ្យប្រទេសជាតិចៀសផុតពីគ្រោះធម្មជាតិផ្សេងៗ ។

លោកជំទាវក៏បានសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះចំនួន ១៥០គ្រួសារផងដែរ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកាផងដែរ ៕

ដោយសួស សំរិត