មន្រ្ដីជាន់ខ្ពស់កម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី ៤២ របស់ IFAD នៅប្រទេសអ៊ីតាលី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ -ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍​កសិកម្ម(IFAD) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤២ប្រចាំ ​ឆ្នាំ២០១៩ របស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីយប់ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ “នវានុវត្តភាព និងសហគ្រិនភាពជនបទ” (Rural Innovation and Entrepreneurship) សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ នេះ។ ទន្ទឹមនេះ កិច្ច ប្រជុំគ្រោង​នឹងពិភាក្សាដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសារៈសំខាន់ ​នៃយេន ឌ័រ, កង្វះខាតអាហារូបត្ថម្ភក្នុងដំណើរការអភិវឌ្ឍខ្សែច្រវាក់តម្លៃ, តួនាទីរបស់សហគ្រិនភាព និង​នវានុវត្តភាពនៅតាមជនបទ ក្នុងការលើកកម្ពស់ភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិសកល ក៏ដូចជាសារៈសំខាន់នៃបច្ចេកវិទ្យាថ្មីចំពោះការធ្វើកសិកម្មនាពេលអនាគត។

ក្នុងសេចក្ដីប្រកាសបានបន្ថែមថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន គ្រោងនឹងគូសបញ្ជាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ IFAD អំពីជំហ     រ​បស់កម្ពុជាចំពោះប្រសិទ្ធភាពនៃហិរញ្ញប្បទាន សហប្រតិបត្តិការកន្លងមក របស់ស្ថាប័ននេះ ក៏ដូចជាទស្សនៈរបស់កម្ពុជាអំពីទិសដៅការងារជាយុទ្ធសាស្ត្រដែល IFAD ត្រូវប្រកាន់យក សម្រាប់រយៈពេលខ្លី និងមធ្យមទៅមុខ។ ក្រៅពីចូលរួមកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាទេសា ភិបាលលើកទី៤២ របស់ IFAD, ឯកឧត្តមអគ្គ- បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏គ្រោង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ហ្គីលបឺត ហុងបូ (H.E. Gilbert F.Houngbo), ប្រធានរបស់ IFAD ដើម្បីលើកទិសដៅការងារជា យុទ្ធ សាស្ត្រនៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជាជាមួយ IFAD ផងដែរ ៕

ដោយ គង់ សិរីរ័ត្ន