ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តមណ្ឌលគិរីទទួលភ្ញៀវទេសចរកើនឡើង

AKP មណ្ឌលគិរី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាត អន្តរជាតិជិត ២ម៉ឺននាក់ ដែលបានមកលេងកម្សាន្ត ដោយចំនួននេះ នៅបានកើនឡើង ១២,៤២ភាគរយ  បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា កត្តាដែលទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្កានុពលធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុត្រជាក់ វិសាលភាពព្រៃភ្នំ និងមានរមណីយដ្ឋានស្អាតៗជាច្រើន ជាពិសេសនោះខេត្តមួយនេះ បានរឹតបន្តឹងនូវសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ មានប្រព័ន្ធផ្លូវថ្នល់ល្អងាយស្រួលក្នុងការធ្វើដំណើរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ ដែលជាទីសក្ការ:របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួងសុំសេចក្តីសុខ និងទៅទស្សនារមណីយដ្ឋានសមុទ្រឈើមើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។

 គិតត្រឹមរយៈពេល០៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន- វៀតណាម ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១៩.៥២៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៩.២១៦នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣១២នាក់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ សម្រាប់ភ្ញៀវទេសចរសរុប ១៧.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៧.១០៥នាក់  ភ្ញៀវទេសចរអន្តរជាតិ២៦៥នាក់ មានការកើនឡើងសរុប ១២,៤២ភាគរយ ភ្ញៀវទេសចរជាតិកើន ១២,៣៤ភាគរយ ភ្ញៀវទេសចរអន្តរជាតិកើន ១៧,៧៣ភាគរយ ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងទៀតថា ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តមណ្ឌលគិរី នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម មានភាពល្អប្រសើរ ព្រោះកងកម្លាំងបានឈរជើងតាមគោលដៅសំខាន់ៗ នៅតាមរមណីយដ្ឋាននានា៕

ដោយណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី )