ក្រសួងការបរទេសជប៉ុនអញ្ជើញមន្ត្រីក្រសួងបរិស្ថាន និងបណ្ដាប្រទេសទន្លេមេគង្គទៅធ្វើទស្សនកិច្ចនៅទីក្រុងយុកកៃឈី

AKPភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ -តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជានាថ្ងៃសុក្រ ៤កើត ខែមាឃ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា តាមរយ:ការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន៦រូបមកពីក្រសួងបរិស្ថាន រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៃបណ្តាប្រទេសទន្លេមេគង្គ (ប្រទេសឡាវ, មីយ៉ាន់ម៉ា,ថៃ,និងវៀតណាម)នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថា JENESYS 2018។

តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា មន្ត្រីប្រតិភូនឹងទៅធ្វើទស្សនកិច្ចនៅក្រសួងបរិស្ថានជប៉ុន ដើម្បីឈ្វេងយល់ពីគោលយោបាយបរិស្ថានរបស់ប្រទេសជប៉ុននិងទៅទីក្រុងយុកកៃឈី នៃខេត្តមិអិ ជាទីកន្លែងដែលប្រជាពលរដ្ឋទទួលការរងគ្រោះដោយការបំពុលខ្យល់អាកាសកាលពីអតីតកាល ដើម្បីសិក្សាពីដំណើរការធ្វើឱ្យប្រសើរឡើងនៃបន្សុទ្ធកម្មខ្យល់កខ្វក់នៅទីក្រុងយុកកៃឈី និងមន្ទីរបរិស្ថានសម្រាប់ការយល់ដឹងទៅថ្ងៃអាណាគត។ បន្ទាប់មកគណៈប្រតិភូនឹងទៅទស្សនកិច្ចនៅកន្លែងផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងបរិស្ថាន និង  បច្ចេកវិទ្យា ព្រមទាំងទទួលយកបទពិសោធន៍ពីវប្បធម៌ជប៉ុនផងដែរ។ កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹងនិងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។

តាមសេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ទៀតថា តាមរយ:កម្មវិធីនេះក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួន ២.០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក៕

ដោយសំ សាម៉ន