កិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)

AKP ភ្នំពេញ ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០១៨ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ​កាលពី​ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ JICA និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងកំពុងសាងសង់ និងគម្រោងនាពេលអនាគតនៅកម្ពុជា។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះរៀបចំឡើងក្នុង​គោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីភ្នាក់ងារJICA និងតំណាងដៃគូអភិវឌ្ឍន៍នានា។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគម្រោងសម្រេចបាន និងកំពុងបន្តសំខាន់ៗ រួមមាន៖ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ យុទ្ធនាការជិះកង់មើលផ្លូវ គម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ផ្លូវជាតិលេខ៣ផ្លូវជាតិលេខ៤ ជាតិលេខ៥ផ្លូវជាតិលេខ៦ ពីខេត្តសៀមរាបទៅប៉ោយប៉ែតផ្លូវជាតិលេខ៧ផ្លូវជាតិលេខ៤៨ផ្លូវជាតិលេខ៥៥ ពោធិ៍សាត់ទៅថ្មដាផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្លូវពីបាត់ដំបងទៅកោះកុងប្រវែង១៩៧គីឡូម៉ែត្រដែលគ្រោងបើកការដ្ឋាននៅឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) ប្រព័ន្ធដឹកជញ្ជូនដោយប្រើផ្លូវដែក (Tramways) និងគម្រោងសាកល្បងស្មាតស៊ីធីដែលប្រកបដោយបរិស្ថានស្រស់ស្អាត និងផាសុកភាព និងគម្រោងសាងសង់ផែកុងតឺន័រថ្មីមួយប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ ៩៣ភាគរយ លើពិភពលោកអាចប្រើប្រាស់សេវាកំពង់ផែនេះបាន ពេលសាងសង់ចប់។

ទន្ទឹមនឹងនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា​ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងបានដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុកសម្បុកមាន់ផ្ញើមកកាន់ក្រុមការងារក្រសួងចុះទៅធ្វើការជួសជុលបានទាន់ពេលវេលា បង្ការកុំឱ្យខូចរាលដាលកាន់តែធំ និង​បាន​ស្នើឱ្យដៃគូអភិវឌ្ឍន៍ធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ និងអត់ពាក់មួកសុវត្ថិភាព និងបានស្នើឱ្យបរិច្ចាគមួកសុវត្ថិភាព ដើម្បីចែកជូនដល់ប្រជាពល រដ្ឋដោយឥតគិតថ្លៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

​ ឯកឧត្ដមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី

រូបថត៖ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន