កិច្ចប្រជុំបូកសរុបការស្រង់ស្ថិតិជំហានដំបូងជនបរទេសស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្ត ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំបូកសរុបការស្រង់ស្ថិតិជំហានដំបូងជនបរទេសស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គៀក ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអធិការ អធិការរងក្រុង ស្រុក និងប៉ុស្តិ៍នគរ បាលក្នុងខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីមន្ទីរជំនាញក្នុងខេត្ត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារចុះស្រង់ស្ថិតិជនបរទេសខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងយុទ្ធនាការស្រង់ស្ថិតិជន បរទេសស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ តាមគោលដៅអាជីវកម្ម ២.០៥២ មានជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ចំនួន ៤០.៧៧០នាក់ ស្រី ៨.៣៨៧នាក់ មាន ៥៧សញ្ជាតិ ភាគច្រើនជនជាតិចិន និងមានធ្វើអាជីវកម្មធុនតូច ១៦៧ប្រភេទ ការចុះស្រង់ស្ថិតិជនបរទេសនៅខេត្តព្រះសីហនុ ម្ចាស់ទីតាំងមួយចំនួនមិនបានសហការផ្តល់ទិន្នន័យជាក់លាក់ពីជនបរទេសស្នាក់នៅ និងបម្រើការងារជូនមន្ត្រីជំនាញ មានដូចជា កាស៊ីណូ សណ្ឋាគារស៊ីហ៊ូ,កាស៊ីណូជីងកាង,  កាស៊ីណូ ផារ៉ាដាយអាយឡែន, កាស៊ីណូលីស៊ីង, កាស៊ីណូកាឡាក់ស៊ី, កាស៊ីណូស៊ីងឆីង, កាស៊ីណូហ្វូក, កាស៊ីណូសុខាវីហ្គាស, កាស៊ីណូស៊ីងទីង ។

 

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ជនបរទេសមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសវិនិយោគ និងភ្ញៀវទេសចរចិនស្នាក់នៅខេត្តព្រះសីហនុ មានប្រមាណ ៧ម៉ឺននាក់ ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ បានផ្តល់ផលវិជ្ជមានយ៉ាងច្រើន ជួយឱ្យខេត្តមានការអភិវឌ្ឍយ៉ាងលឿន បង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តែវាមានផលអវិជ្ជមាន ១០ភាគរយ ។ ក៏ប៉ុន្តែប្រជាពលរដ្ឋ ៩០ ទៅ ៩៥ភាគរយ អបអរសាទរចំពោះការវិនិយោគ និងភ្ញៀវទេសចរចិនមកខេត្តព្រះសីហនុ ។ អាជ្ញាធរខេត្តបានអនុវត្តន៍គោលនយោបាយ កៀរគរចំពោះអ្នកវិនិយោគបរទេស ពិសេសវិនិយោគ និងភ្ញៀវទេសចរ ដើម្បីបង្កើនចំណូលថវិកាជាតិ បន្តជំរុញគ្រប់គ្រងជនបរទេស ធានាការពារសន្តិសុខ សុវត្ថិភាពដល់វិនិយោគ និងភ្ញៀវទេសចរ ធ្វើឱ្យខេត្តមានការអភិវឌ្ឍលឿន ថ្វីត្បិតការវិនិយោគវាមានផលប៉ះពាល់ខ្លះៗដល់ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រព័ន្ធលូ  ក៏ប៉ុន្តែបច្ចុប្បន្នមានសំណង់អគារធំៗ ខ្ពស់ៗប្រមាណជា ២០០កំពុងតែកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ហើយសង្ឃឹមថា នៅមានសំណង់ជាច្រើនផ្សេងទៀតបន្តកើតឡើងជាបន្តបន្ទាប់នាពេលខាងមុខ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀក ច័ន្ទថារិទ្ធ មានប្រសាសន៍បូកសរុបកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការស្រង់ស្ថិតិជនបរទេសជំហានដំបូងដែលស្នាក់នៅ និងប្រកបរបរអាជីវកម្មក្នុងខេត្តព្រះ សីហនុដោយគូសបញ្ជាក់ថា ការហូរចូលយ៉ាងលឿនពីជនបរទេសរាប់ម៉ឺននាក់ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនូវសណ្ឋាគារ កាស៊ីណូ រីសត ខុនដូ រោងចក្រ សហគ្រាស ផ្ទះ សំណាក់ និងអាជីវកម្មផ្សេងៗទៀត ភាគច្រើនការវិនិយោគ និងអាជីវកម្ម ជាជនជាតិចិន ។ ដូច្នេះសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្រុង ស្រុក ខេត្ត បន្តកិច្ចសហការជាមួយឃុំ សង្កាត់ បន្តអនុវត្តន៍នូវយន្តការទទួលខុសត្រូវក្នុងភូមិសាស្ត្រតាមច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ផ្តល់ព័ត៌មានទិន្នន័យជនបរទេសស្នាក់នៅ ដើម្បីក្រុមការងារបច្ចេកទេសមានទន្នន័យក្នុងការចុះស្រង់ស្ថិតិមានភាពរលូន ជំរុញឱ្យជនបរទេសឱ្យសុំប័ណ្ណការងារ សៀវភៅការងារ បង្កើនវិធានការត្រួតពិនិត្យផ្លូវច្បាប់ ចំពោះជនបរទេសដែលស្នាក់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន៕

ដោយ ងូ សុមុនី