ក្នុងខែមករា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់បាន២១៥គ្រឿង និងពិន័យជាង៥០០លានរៀល

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្នុងខែមករា ឆ្នាំ២០១៩ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់ កម្រិត កំណត់ ចំនួន២១៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣១.៩០០.០០០រៀល។ នេះបើ យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងចំណោមរថយន្ដទាំងនោះ សង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានគឺ មានការកើនឡើងចំនួន០១គ្រឿង ពោលគឺពី ២១៤ គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លងមក ឡើងមក២១៥ គ្រឿង ក្នុងខែមករា ឆ្នាំ២០១៩។

ជាមួយគ្នានេះដែរ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កំណត់គឺ មានចាប់ពី៥តោន រហូតដល់៣២តោន៕

ដោយ អ៊ុន​ រិទ្ធី(ប្រភព៖ក្រសួងសាធារណការ)