ភ្ញៀវទេសចរជិះទូកកម្សាន្តនៅមុខតំបន់ព្រះបរមរាជវាំង ហាក់ស្ងាត់បន្តិចសម្រាប់រដូវកាលនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០១៩ — អ្នករកស៊ីតាមទូកដឹកភ្ញៀវទេសចរនៅមុខព្រះបរមរាជវាំងបានឱ្យដឹងថា ក្នុងរដូវកាលនេះ ភ្ញៀវ ទេសចរតាមផ្លូវទឹកហាក់ដូចជាស្ងាត់បន្តិច បើធៀបនឹងរដូវកាលនាពេលកន្លងមក។

លោក លី ពុទ្ធី ម្ចាស់ទូកទេចរណ៍ ឈ្មោះ រំដួលចតុម្មុខ បានប្រាប់ទីភ្នាក់ងារ​សារព័ត៌​មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការរកស៊ីដឹកភ្ញៀវនេះ​មិនសូវ​កាក់កបដូចពីមុនទេពេលខ្លះមួយថ្ងៃចេញទូកបានតែម្តងគត់ ពេលខ្លះពីរថ្ងៃទើបចេញ​បាន ម្តង។ លោកបានបន្តថា ទោះបីតម្លៃនៃការជិះទូកកម្សាន្តមិនមានការដំឡើង​ថ្លៃក៏ដោយ​ក៏ភ្ញៀវ  មិនសូវមានដែរ។ កត្តាខ្សត់ភ្ញៀវនេះ លោក ពុទ្ធី បានដាក់ការសង្ស័យថា ប្រហែលជាមកពី តំបន់យើងនេះមិនសូវមានកន្លែងចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរបើធៀបនឹងប្រទេសជិតខាង ឬក៏អាចនិយាយបានថា មកពីកត្តាចម្បងមួយទៀត គឺខ្វះការផ្សព្វផ្សាយទៅ ពិភព​ខាងក្រៅពីផ្នែកពាក់ព័ន្ធនានា។ ទាក់ទងតម្លៃសេវាកម្សាន្តវិញ អ្នកដឹកភ្ញៀវទេសចរតាមទូក​​រូបនេះបានឱ្យដឹងថា តាមធម្មតាតម្លៃជាមធ្យមជិះទូកកម្សាន្ត១ម៉ោង២០ដុល្លារ ក្នុងចំណុះ មនុស្សពីម្នាក់រហូតដល់ជាងដប់នាក់។ តែបើជិះកម្សាន្តហើយបូករួមនឹងអាហារទៀតក្នុងភ្ញៀវ ម្នាក់អាចចំណាយជាមធ្យម១៥ដុល្លារឡើងទៅគិតតាមប្រភេទម្ហូបថ្លៃ ឬថោក។

សូមបញ្ជាក់ថា ទូកទេសចរណ៍ដែលកំពុងបើកអាជីវកម្មដឹកភ្ញៀវទេសចរនៅតំបន់ មុខ​ព្រះបរមរាជវាំង នាពេលបច្ចុប្បន្ននេះមានចំនួន៤២គ្រឿង។ ទូកទាំងនោះមានចំណតនៅកំពង់ ផែទេសចរណ៍ខាងកើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕

ដោយ គង់ សិរីរ័ត្ន