​​រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់របបសន្តិសុខសង្គម សម្រាប់បុគ្គលិកវិស័យឯកជន  មាន​ប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការដែរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកំពុងតែរៀបចំសេចក្តីច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលច្បាប់នេះ នឹងផ្ដល់ អត្ថប្រយោជន៍សម្រាប់បុគ្គលិកបម្រើការផ្នែកវិស័យឯកជនមានប្រាក់សោធននិវត្តន៍ដួចគ្នានឹងមន្ត្រីរាជការដែរ។

សេចក្តីព្រាងច្បាប់នេះត្រូវបានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្ដិពីសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន​ប្រសាសន៍ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា ចាប់ពីឆ្នាំ២០១៩ទៅ វិស័យ ឯកជននឹងមានរបបសោធននិវត្តន៍ដូចមន្រ្តីរាជការដែរ ក្រុមការងារអន្តរក្រសួង ដែលមាន​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងផ្សេងៗទៀត បានរួមគ្នារៀបចំសេចក្តីព្រា ង​ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះឡើង។ លោកជំទាវបានបន្តថា នៅក្នុងរបបសោធននិវត្តន៍ នៃច្បាប់ថ្មីនេះ នឹងបញ្ចូលការដាក់ឱ្យអនុវត្តន៍នូវរបបសោធននិវត្តន៍សម្រាប់វិស័យឯកជន និង​ការធ្វើកំណែទម្រង់របបសោធននិវត្តន៍ មន្រ្តីរាជការដែលមានស្រាប់។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា សេចក្តីព្រាងច្បាប់ថ្មីបានកំណត់ថា មន្រ្តីរាជ​ការ​ដែលធ្វើការបាន៣០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ៦០ភាគរយ នៃប្រាក់​បៀវត្សរ៍សរុប ដែលខុសពីបច្ចុប្បន្នមន្រ្តីរាជការចូលនិវត្តន៍ទទួលបានប្រាក់សោធននិវត្តន៍៨០ ភាគរយនៃប្រាក់បៀវត្សរ៍មូលដ្ឋាន។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បាន ឯក ភាពចំពោះគោលបំណងដែលចង់ឱ្យមានគោលការណ៍រួមគ្នា រវាងស្ថាប័ននីតិប្បញ្ញតិ្ត និង​នីតិប្រតិបត្តិ ឬជាមួយវិស័យឯកជននៅលើចំណុចខ្លះៗនោះ។ ឯកឧត្តមបានបញ្ជាក់ថា កន្លង មកមានច្បាប់មួយចំនួនហើយ ដែលស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឬវិស័យឯកជន បានអនុវត្តន៍រួមគ្នាដូចជាច្បាប់ពន្ធដារ ច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ ច្បាប់លទ្ធកម្មជាដើម ដូចេ្នះ ច្បាប់របបសន្តិសុខសង្គមក៏អាចអនុវត្តន៍បានទាំងអស់គ្នាដែរ។

ឯកឧត្តមអគ្គលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ដំឡើងប្រាក់បៀវត្សរ៍ និងការទទួល បានអត្ថប្រយោជន៍នានាជូនមន្រ្តីរាជការ កម្មករ និយោជិក ដែលធ្វើឱ្យជីវភាពពលរដ្ឋកាន់ តែល្អប្រសើរឡើងថែមទៀត។

សម្រាប់សេចក្តីព្រាងច្បាប់ថ្មី ឯកឧត្តមក៏បានស្នើដល់នាយកដ្ឋានពាក់ព័ន្ធនៃអគ្គលេខា​ធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការសិក្សាឱ្យ​បាន​លម្អិតបន្ថែមទៀត៕

ដោយ ប៊ុន រិទ្ធ