សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩​ — ក្នុងខណៈដែលបងប្ងូនប្រជាពលរដ្ឋបានចេញដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងឱកាស ​បុ​ណ្យ​ចូលឆ្នាំចិន វៀតណាមនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍​ឱ្យបានខ្ជាប់​ខ្ជួន ដើម្បីចៀស​វា​ង​គ្រោះថ្នាក់ណាមួយដែលកើតឡើងដោយចៃដន្យ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច តេជោ​បាន​សរសេរថា ក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរ​ចេញ​ទៅ​កម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ។ សម្ដេចតេជោ បានបន្ដថា ក្នុងរាជធានីភ្នំពេញ​ប៉ុ​ន្មា​នថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយសារបងប្អូន ចេញទៅជួបជុំក្រុមគ្រួសារ និងកម្សាន្ត​ស​ប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។

សម្ដេចតេជោបានបន្ថែមថា សព្វថ្ងៃនេះ មធ្យោបាយធ្វើ​ដំណើរ​មា​ន​គ្រប់​ជម្រើស ហើយ​ផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាព សន្តិសុខគឺ​ធានាបានល្អ​នៅ​គ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសឱ្យពលរដ្ឋ និងទេសចរទៅកម្សាន្តសប្បាយដោយ​គ្មា​ន​​ការភ័យព្រួយ។ ទន្ទឹមនេះ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកម្សាន្តសប្បាយគ្រប់ទីកន្លែង ទាំង​ក្នុ​ង និងក្រៅប្រទេស។ សម្ដេចតេជោបានអំពាវនាវឱ្យបងប្អូនបើកបរគោរព​ច្បាប់​ចរា​ចរ​ណ៍​ និង​យោគយល់ខ្ពស់ឱ្យគ្នាទៅវិញទៅមក កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើ​ផ្លូវ​កោង​តូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែល​ធ្វើ​ឱ្យយើង​សោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។ សម្ដេចតេជោក៏ជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អ​គ្រប់ៗ​គ្នា៕

ដោយ ជឹម ណារី