ពានរង្វាន់ហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន គ្រោងដំណើរការពាក់កណ្តាលខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩​ — សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ ប្រចាំឆ្នាំ២០១៩ ដែលគ្រោងនឹង ចាប់ផ្តើម​ប្រកួត នាពាក់កណ្តាលខែកុម្ភៈ ខាងមុខនេះ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា ការប្រកួត​នេះគឺជាការបើកឱកាសដល់ក្លិប-សមាគមកីឡាហែលទឹកទំាងអស់នៅទូទាំងប្រទេស​ដើម្បី ត្រៀមកីឡាករ កីឡាការិនីចុះឈ្មោះចូលរួម ប្រកួត ដែលនឹងធ្វើឡើងនាថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ លោកបានបន្ដថា គោល​បំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនគុណភាពកីឡាករ កីឡាការិនីហែលទឹកថ្នាលឱ្យ​មាន បច្ចេកទេស និងសមត្ថភាពកាន់តែល្អប្រសើរបន្ថែមទៀត ឈានទៅផលិតធនធានឱ្យ​កាន់​តែសម្បូរបែបត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី​៣២ នាឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា សហព័ន្ធហែលទឹកបានកំណត់កម្រិតអាយុដែលអាចចូលរួមប្រកួតបាន រួមមាន វិញ្ញាសាបុរស និងនារី ចាប់ពី១២ឆ្នាំឡើងទៅ និងបុរសជនពិការ។ វិញ្ញាសា​ការប្រកួត​ត្រូវបានបែងចែកចេញជា៣វិញ្ញាសា ដោយបុរស នារីមាន១៨វិញ្ញាសា ក្នុងនោះមានផ្នែកជន​ពិការមាន២វិញ្ញាសា៕

ដោយ ហេង ណាលីន