ក្រុមចម្រុះកម្ពុជាសាកល្បងកម្លាំងជាមួយ African All Star មុនប្រកួតមិត្តភាពអន្តរជាតិ ជាមួយSCG Muangthong United នាថ្ងៃទី០៩​ ខែកុម្ភៈខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមកីឡាករចម្រុះមកពីបណ្តាក្លិបលីគកំពូលកម្ពុជា ដែលប្រសិទ្ធនាមឱ្យថា K-Cement Cambidia All Star ប្រមូលផ្តុំបង្កើនការហ្វឹកហាត់យ៉ាងសកម្ម និងបានប្រកួត សាកល្បង បច្ចេកទេសជាមួយក្រុម ចម្រុះ African All Star ដែលប្រកបអាជីពនៅកម្ពុជា ដោយប្រកួត ចាញ់ ដោយលទ្ធផល ០ទល់៣ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡ​ដ្ឋានជាតិ មុនត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវក្លិបមកពីលីគកំពូល ប្រទេសថៃ SCG Muangthong United នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសៅរ៍ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។ក្រុម K-Cement Cambidia All Star ក្រោមការដឹកនាំពីគ្រូបង្គោល លោក ភា សុភ័ក្ត្រា បានប្រកួតចាញ់ ក្រុម African All Star នៅក្នុងការប្រកួតមិត្តភាពសាកល្បងបច្ចេក​ទេស​ជាមួយគ្នា។ ក្រុម K-Cement Cambodia All Stars ​ប្រមូលផ្ដុំ​ហ្វឹកហាត់​បាន​រយៈពេល២​ថ្ងៃ ហើយបានប្រកួតមិត្តភាពជាមួយក្រុម African All Stars ដោយ African All Stars រកបាន១​គ្រាប់ នៅវគ្គទី១ និងនៅវគ្គទី២ ក្រុមនេះធ្វើសម្រេចបាន២គ្រាប់បន្ថែម ខណៈក្រុម​​​​K-Cement Cambodia All Stars ​ព្យាយាម​វាយសម្រុកលើគូប្រកួតដែរ ប៉ុន្តែធ្វើ​មិនបាន​សម្រេច​ឡើយ។

ក្រុម K-Cement Cambodia All Stars នឹង​ត្រៀម​ការប្រកួត​ផ្លូវ​ការ​​ជាមួយ​ក្រុម Muangthong United នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​ខាងមុខនៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ​កាលពី​ឆ្នាំ​២០១៧ ក្រុម​ខ្លាំង​ថៃបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ៤ទល់០ ក្រោយ​ក្រុម K-Cement Cambodia All Stars យកឈ្នះ ៤-៣ ក្នុង​ជំនួប​មិត្តភាព កាលពី​ឆ្នាំ​២០១៦។​

សូមបញ្ជាក់ថា សម្រាប់សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ ត្រូវ​បាន​សហ​ព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់​លក់ជារៀងរាល់ថ្ងៃរហូតដល់​ថ្ងៃ​ប្រកួតតែម្តង ដោយ​តម្លៃ​សំបុត្រ​តំបន់​មាន​កៅ​អី​អង្គុយ​តម្លៃ ១ម៉ឺន​រៀល និង​កន្លែង​គ្មានដំបូល ​តម្លៃ ៥.០០០​រៀល៕

ដោយ ហេង ណាលីន