កុលាលភាជន៍សម័យអង្គរចំនួនមួយត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

AKP សៀមរាប ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ហៃ ហ៊ត និង កញ្ញា ឆេង វុចនា ជាបុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃ ឈើនៃអាជ្ញាធរ ជាតិអប្សរា បានយកកុលាលភាជន៍បុរាណចំនួនមួយមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា​ដើម្បី​សម្អាត និងជួសជុលតាមបច្ចេកទេសបុរាណវិទ្យា មុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តម សីហនុ-អង្គររក្សាទុក។ ពិធីប្រគល់នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ​ឆ្នាំ២០១៩។

លោក ហៃ ហ៊ត បានបញ្ជាក់ថា កុលាលភាជន៍នេះ​គឺប្រទះឃើញនៅបរិវេណស្ថានីយ បណ្តុះកូនឈើប្រាសាទតាកែវ ពេលក្រុមការងារជីកដីក្នុងជម្រៅ២តឹក ដើម្បីយកអាចម៌ដីទៅ​បណ្តុះកូនឈើ កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ កុលាលភាជន៍នៅមានរូបរាងល្អនៅឡើយ លើកលែងតែផ្នែកមាត់ខាងលើបែកដោយសារត្រូវនឹងផ្លែចបពេលជីកដី។ លោកបានបន្តថា ដោយសារលោកជាបុគ្គលិកបម្រើការនៅអាជ្ញាធរជាតិអប្សរាបានដឹងព័ត៌មានខ្លះៗនៃការគ្រប់គ្រងបុរាណវត្ថុ លោកក៏ពិភាក្សាជាមួយក្រុមការងារ​និងបានឯកភាពប្រគល់ភាជន៍នេះ ​ជូន​អាជ្ញាធរជាតិអប្សរា។ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោក ហៃ ហ៊ត បានសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរដែលបានប្រទះឃើញរាល់បុរាណវត្ថុនៅទីណាក៏ដោយ សូមជួយគ្នាថែរក្សា និងប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកដែល អាចធានាបាននូវសុវត្ថិភាព និងសម្រាប់ដាក់តាំងនៅសារមន្ទីរជូនដល់ប្រជាជនខ្មែរ ក៏ដូចជា សាធារណជនបានស្គាល់នូវស្នាដៃបុព្វបុរសខ្មែរពីសម័យមុន។

អ្នកស្រី សឹង ស្រីទូច បុគ្គលិកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណថា ជាកុលាលភាជន៍ខ្មែរ កម្ពស់១៥សង់ទីម៉ែត្រ ទំហំ១៦សង់ទីម៉ែត្រ លម្អដោយក្បាច់ឆ្នូតគូៗ មានស្រទាប់ រលោង ពណ៌ត្នោត មកពីឡទ័ពជ័យ ផលិតនៅចន្លោះសតវត្សរ៍ទី១១ ដល់ទី១៣ក្នុងសម័យអង្គរ។ ក្រោយពីទទួលកុលាលភាជន៍ អ្នកជំនាញនឹងយកទៅលាងសម្អាត ដកជាតិអំបិល និងជួស ជុលវាឱ្យបានល្អ មុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងពិព័រណ៍។

អ្នកស្រីបានបន្ថែមថា មួយរយៈចុងក្រោយប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីតម្លៃ​នៃកេរមរតកដូនតាដែលគាត់រកឃើញដោយចៃដន្យ ហើយតែងយកវត្ថុបុរាណទាំងនោះ មក ប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីអភិរក្សនិងរក្សាទុក។ លោកស្រីក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តលះបង់របស់លោក ហៃ ហ៊ត ក្នុងការចូលរួមចំណែកថែរក្សាវត្ថុបុរាណជាមួយអាជ្ញាធរជាតិអប្សរា៕

ដោយ ឃុត សៅ