អាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលក្នុងស្រះខាងក្នុងនៃប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាបាន និងកំពុងបូមទឹកបញ្ចូលទៅក្នុងស្រះភាគខាងក្នុងនៃប្រាសាទអង្គរវត្ត ដែលបានរីងហួតយ៉ាងឆាប់រហ័សដែលធ្វើឱ្យបាត់បង់មួយផ្នែកនៃសោភណភាពប្រាសាទអង្គរ វត្ត ហើយការបូមទឹកនេះ ដែរបានចាប់ផ្តើមតាំងពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩មកម្លេះ។ ការ​​បូមទឹកនេះ នឹងធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ទៀត ទើបសមល្មមបានទៅនឹងសម្រស់​ប្រាសាទអង្គរវត្ត។លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យ ដឹងក្នុងខណៈពេលដែលលោកចុះត្រួតពិនិត្យការងារនេះផ្ទាល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៩នេះថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក កំពុងបូមទឹកពីកសិណប្រាសាទអង្គរវត្ត បញ្ចូលទៅក្នុងស្រះខាងត្បូង ឬស្រះប្រុស ដែលការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៣មក ហើយរហូតមកដល់ពេលនេះ ការបញ្ចូលទឹកសម្រេចបានប្រមាណ៣០ភាគរយ ស្មើនឹង ១.៥០០ម៉ែត្រគូបហើយ។

លោកបានបញ្ជាក់ថា ស្រះប្រុសនៃប្រាសាទអង្គរវត្តមានទំហំ ៥០ម៉ែត្រគុណនឹង៨០ម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន៥.០០០ម៉ែត្រគូប ហើយការងារនេះ​ត្រូវប្រើពេលមួយសប្ដាហ៍ទៀត ដើម្បីបញ្ចូលទឹកឱ្យគ្រប់ទៅតាមបរិមាណត្រឹមត្រូវ។

លោកបានបន្ថែមថា ការបញ្ចូលទឹកនេះធ្វើឡើងតែស្រះប្រុសតែប៉ុណ្ណោះ ដោយឡែក​ស្រះខាងជើង ឬស្រះស្រី ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរផងដែរនោះ អាជ្ញាធរជាតិ​អប្សរាមិនបានបញ្ចូលទេ ដោយទុកឱកាសឱ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និង​បុរាណវិទ្យាបង្ការធ្វើកំណាយបន្តទៀតក្នុងគម្រោងស្ដារឡើងវិញនៃរចនាសម្ព័ន្ធស្រះនេះ។

គួរបញ្ជាក់ថា ស្រះទឹកប្រាសាទអង្គរវត្ត គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលភ្ញៀវទេសចរ​ដែលនិយមទស្សនានិងផ្តិតយករូបភាពជាមួយនឹងកំពូលប្រាសាទអង្គរវត្ត ដែលបានឆ្លុះយ៉ាង ត្រដែតនៅក្នុងផ្ទៃទឹក។ ក្រៅពីនេះ ភ្ញៀវទេសចរក៏និយមផងដែរ​ទៅទស្សនាថ្ងៃរះ​និងថ្ងៃលិច​នៅ​ទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ៕

ដោយ ហង្ស សៀក