រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញាតឱ្យនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីចូលជូបពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ -តាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឱ្យដឹងថា នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឱ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម។

នៅក្នុងជំនួបនោះលោកស្រី Sunniya បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា គោលបំណងនៃជំនួបពិភាក្សានាពេលនេះគឺ ទី១-ចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តីដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យផ្សេងៗជារួម និងដោយឡែកវិស័យកសិកម្មដូចជាកសិកម្ម និងទឹក ការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងលើកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការបង្កើនផលិតភាពផលិតកម្ម។ ទី២-សិក្សាលើតម្រូវការចាំបាច់ដែលត្រូវលើកយកមកពិភាក្សារួចដាក់ចេញនូវគម្រោងអភិវឌ្ឍន៍ឱ្យត្រូវតាមគោលនយោបាយរបស់ក្រសួង ជាពិសេសឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ឬអ្នកផលិត។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលបានចូលរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ តែទោះជាយ៉ាងណា វិស័យកសិកម្មទាមទារធ្វើការអភិវឌ្ឍច្រើនថែមទៀត ដើម្បីឆ្លើយតបទៅតាមកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក កំណើនប្រជាជនកម្ពុជា កំណើនភ្ញៀវទេសចរ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ហេតុផលនេះតាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រី្តបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីគិតគូរពិចារណា និងធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ពីលទ្ធភាពនៃការផ្តល់ហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍គម្រោងនានា ដែលទាក់ទងនឹងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖ ទី១-ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការអភិវឌ្ឍផលិតកម្មបន្លែ និងដំណាំរួមផ្សំ ជាអាទិ៍៖ ការពង្រឹង និងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការគ្រប់គ្រងដំណាំ ការប្រមូលផល ការវេចខ្ចប់ ស្លាកសញ្ញា ឃ្លាំងត្រជាក់រក្សាផលិតផល និងការគ្រប់គ្រងទីផ្សារ។ ទី២- លើកកម្ពស់វិស័យវារីវប្បកម្មឱ្យបានល្អប្រសើរទាំងទឹកប្រៃ និងទឹកសាប។ ទី៣- វិស័យផលិតកម្មសត្វ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាពគ្រួសារ ដូច្នេះទាមទារត្រូវធ្វើការអភិវឌ្ឍពូជ (ប្តូរពូជ និងការបង្កាត់សិប្បនិមិ្មត្ត)ដែលមានតម្លៃក្នុងទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់គ្រួសារកសិករ រួមទាំងការគ្រប់គ្រង ចំណី ការការពារ។ ទី៤-ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការផលិតពូជ ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ។ ទី៥-ផលិតកម្មពោត ក៏ជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ ក្នុងវិស័យផលិតកម្មចំណីសត្វដែលទាមទារឱ្យធ្វើការយកចិត្តទុកដាក់លើការដាំដុះ ពូជ បច្ចេកទេសក្រោយប្រមូលផល។

ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ីដែលផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ហើយសង្ឃឹមថាលោកស្រីនឹងខិតខំអស់លទ្ធភាពបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានលោកស្រី Sunniya ទទួលយកទៅពិនិត្យ ពិចារណា ហើយលោកស្រីបានសន្យាថា នឹងខិតខំឱ្យអស់លទ្ធភាពសិក្សា និងវាយតម្លៃរាល់ចំណុចនីមួយៗដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដោយក្រុមជំនាញនីមួយៗ ៕

ដោយ សេង សុវណ្ណនី.