ក្រុ​មហ៊ុនវិនិយោគមកពីប្រទេសថៃ​ ចង់វិនិយោគលើគម្រោងមួយចំនួន​ នៅលើទឹកដីខេត្តកែប

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមហ៊ុនវិនិយោគមកពីប្រទេសថៃ បានបង្ហាញអំពីការចាប់អារម្មណ៍លើគម្រោងវិនិយោគ មួយចំនួន នៅលើទឹកដីខេត្ដកែប ដែលជាមានតំបន់ទេសចរណ៍ជាច្រើនមានសក្ដានុពល ក្នុងការទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ។ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ដកែប កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានលើកឡើងពីភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់ខេត្តកែប​ដើម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ​។ ឯកឧត្តម​​បញ្ជាក់ ពីបញ្ហាប្រឈម​ផ្សេងៗ​ ដែលមាន​សម្រាប់ខេត្តទាំងមូល​ និងចំពោះអាជីវករដែលកំពុងបម្រើ សេវាទេសចរណ៍នៅខេត្តកែប​ ដោយមាន​ភ្ញៀវដែលមកលេងខេត្តកែប​ គឺតាមរដូវកាល​ មិន មែនមកលេងកែបគ្រប់រដូវកាលនោះទេ​។ ឯកឧត្តមអភិបាលខេត្ដបន្ដថា នេះហើយជាបញ្ហា​ប្រឈមរបស់ខេត្ត​ ជាហេតុធ្វើឱ្យថ្នាក់ដឹកនាំខេត្ត​ ខិតខំបន្ថែមទៀត​ ដើម្បីបំពេញ​ និងដោះ​ស្រាយបញ្ហាទាំងនេះក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរ​ ឱ្យមកកម្សាន្ដកាន់តែច្រើនថែម ទៀត។

ជាមួយគ្នានេះដែរ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ថៃ​ នឹងមានគម្រោងបង្កើត​តំបន់ទេសចរណ៍ឱ្យបានទូលាយ​ និងច្រើន​ជាងពេលបច្ចុប្បន្ននេះ​ ដើម្បីទាក់ទាញភ្ញៀវទេសចរ​បរទេសឱ្យបានច្រើនជាងនេះបន្ថែមទៀត​។

​ឯកឧត្តម​អភិបាលខេត្ត​ ក៏បានទទួលការសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣​ថៃ​ អំពីសក្កានុពលរបស់ខេត្តកែប​ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ​ នៅទូទាំងពិភពលោក​ បានស្គាល់កែប​នៃប្រទេសកម្ពុជាផងដែរ៕

ដោយ គង់ សិរីរ័ត្ន