ប្រាក់រង្វាន់រាជរដ្ឋាភិបាលកម្ពុជាជាង៤០០លានរៀលប្រគល់ជូនជ័យលាភី ឈ្នះមេដាយ អន្តរជាតិ៤ប្រភេទកីឡា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ – ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ៤០៨លាន ៥០ម៉ឺនរៀល ត្រូវបានប្រគល់ជូនដល់ម្ចាស់ជ័យលាភីលើ៤ប្រភេទកីឡា ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិ និងគ្រូបង្វឹក គ្រូជំនួយ ដែលដណ្តើមបានពីការប្រកួតអន្តរជាតិចំនួន៤ផ្សេងៗពីគ្នា។ ពិធីប្រគល់ប្រាក់រង្វាន់នេះបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងពិធីបូកសរុប​ លទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមលិខិតផ្លូវការស្តីពីប្រាក់រង្វាន់ជ័យលាភីរបស់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ព្រឹត្តិការណ៍ អន្តរជាតិទាំង៤ ដែលអត្តពលិកកម្ពុជា ឈ្នះមេដាយយកមកជូនជាតិ នាពេលកន្លងមក រួមមាន៖ ១-ប្រភេទកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតនៅក្នុង ព្រឹត្តិការណ៍ជើងឯកពិភពលោក យុវជន លើកទី១៣ នៅប្រទេសប៊េឡារ៉ូស ដោយឈ្នះមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង ដែលមានគ្រូបង្វឹក៣នាក់ និងកីឡាករ៤នាក់ សរុប៨នាក់ ប្រាក់រង្វាន់សរុបចំនួន១១១លាន និង២សែនរៀល។ ២-ប្រភេទកីឡាប៉េតង់ចូលរួមប្រកួតជើងឯកអាស៊ី លើកទី២ នៅប្រទេស ម៉ាឡេស៊ី ដោយឈ្នះមេដាយ ប្រាក់១ និងសំរឹទ្ធិ៣គ្រឿង ដោយមានគ្រូបង្វឹក២នាក់ កីឡាករ ៤នាក់ និងកីឡាការិនី៤នាក់ សរុប១០នាក់ មាន ប្រាក់រង្វាន់តាមកម្រិតនីមួយៗ សរុបចំនួន ១៣៦លានរៀល។ ៣-ប្រភេទកីឡាគុនដាវ ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលមានប្រាក់រង្វាន់សរុបចំនួន ៧២លាន​រៀល បែងចែកជូនទៅលើគ្រូបង្វឹក២នាក់ កីឡាការិនី ៣នាក់ និងកីឡាករ៤នាក់ ដោយឈ្នះ​មេដាយប្រាក់១ និងសំរឹទ្ធិ២គ្រឿង។ ៤-ប្រភេទកីឡាកាយវប្បកម្ម ដែលឈ្នះមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធិ២គ្រឿងពីព្រឹត្តិការណ៍កីឡា កាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៥ នៅកម្ពុជា ដោយបែងចែកជូនដល់គ្រូបង្វឹក២នាក់ និងកីឡាករ៩នាក់ សរុប១១នាក់ មានប្រាក់​រង្វាន់សរុបចំនួន ៨៩លាន ៣សែនរៀល៕

ដោយ ហេង ណាលីន