ស្ថានទូតជប៉ុន នឹងរៀបចំកម្មវិធីកម្មសិក្សាផ្សព្វផ្សាញវប្បធម៌ និងភាសាជប៉ុន នៅតាមវិទ្យា​ល័យ​នានាក្នុងរាជធានី ខេត្ដទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការឧបត្ថម្ភដោយមូលនិធិជប៉ុន នឹងរៀប​ចំ “កម្មវិធីកម្ម សិក្សា​ផ្សព្វផ្សាញវប្បធម៌ និងភាសាជប៉ុន” នៅតាមវិទ្យាល័យនានាក្នុងរាជធានី ខេត្ដ នៅទូទាំង ប្រទេស ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កម្មវិធីកម្មសិក្សា​ផ្សព្វផ្សាញវប្បធម៌ និងភាសាជប៉ុន នេះគឺបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក ហើយក្នុងកម្មវិធីនេះ សាស្រ្តា ចារ្យកម្ពុជា និងនិស្សិតដេប៉ាតឺម៉ង់ និងថ្នាក់រៀនភាសាជប៉ុននានានៅរាជធានីភ្នំពេញ នឹងធ្វើ​ទស្សនកិច្ចនៅវិទ្យាល័យនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសិស្សកម្ពុជា មាន ឱកាស ​បានយល់ដឹងអំពីប្រពៃណី វប្បធម៌ បច្ចេកវិទ្យាប្រទេសជប៉ុន និងផលប្រយោជន៍ ក្នុង ការសិក្សាភាសាជប៉ុន។

ក្នុងសេចក្ដីប្រកាសបានបន្ថែមថា ស្ថានទូតជប៉ុនសង្ឃឹមថា សិស្សានុសិស្ស នៅតាម​វិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា នឹងរីករាយជាមួយវប្បធម៌ជប៉ុន និងមានអារម្មណ៍ ស្និទ្ធស្នាលទៅកាន់ប្រទេសជប៉ុន។

សូមបញ្ជាក់ថា កម្មវិធីកម្មសិក្សាសម្រាប់ឆ្នាំ២០១៩នេះ នឹងត្រូវប្រព្រឹត្តិទៅនៅតាម  វិទ្យាល័យដូចខាងក្រោម៖ ១. វិទ្យាល័យមោងឫស្សី ខេត្ដបាត់ដំបង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ ២. វិទ្យាល័យប្រម៉ោយ ខេត្ដពោធិ៍សាត់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។  ៣.វិទ្យា ល័យ ហ៊ុន សែន ចាក់អង្រែ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ៤. វិទ្យាល័យឧត្តុង្គ កំពង់ស្ពឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ៥. វិទ្យាល័យកតិព្រឹទ្ធបណ្ឌិតមានជ័យ ខេត្ដកំពង់ចាម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ៦. វិទ្យាល័យហ៊ុន សែនស្រះបន្ទាយ ខេត្ដកំពង់ធំ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៩ និង៧. វិទ្យាល័យហ៊ុន សែនប្រាសាទបាគង ខេត្ដសៀមរាប ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩៕

ដោយ អ៊ុន រិទ្ធី