រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយបណ្ដុះបណ្ដាល ធនធានមនុស្ស​ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្ដផ្តល់​កិច្ចសហការផ្នែកបច្ចេកទេសក្នុងការតាក់តែងគោលនយោបាយ បទដ្ឋានគតិយុត្ត ការបណ្ដុះ បណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីលើក កម្ពស់បច្ចេកទេសជំនាញឱ្យកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមការ​ចេញផ្សាយ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងប្រៃសណីយ៍ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍លើកឡើងអំពីអាទិភាពសំខាន់ៗដែលរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងយកចិត្តទុកដាក់ ដើម្បី ត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ឯកឧត្តមបាន បញ្ជាក់ថា ការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា គឺដើម្បីទ្រទ្រង់ ហិរញ្ញវត្ថុឌីជី ថល រដ្ឋាភិបាលឌីជីថល e-Commerce ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ឌីជីថល ការ ពង្រីកវិសាលភាពនៃសេវាប្រៃសណីយ៍ជាដើម គឺជាកិច្ចការសំខាន់ៗ ដែលក្រសួងបាន និងកំពុងផ្តោតការយកចិត្តទុកដាក់។ ឯកឧត្តមបានស្នើសុំបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគម្រោងដែលADB បានអនុវត្តន៍ និងសម្រេចបាននៅក្នុងតំណាក់កាលកន្លងមក ដូចជា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មនៅជុំវិញតំបន់បឹងទន្លេសាបជាដើម ជា​ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដែលធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែ​យក​ចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងកាត់បន្ថយភាព​ក្រីក្រជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកអំពីស្ថានភាពបច្ចុប្បន្ន​និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍ ដែលបច្ចុប្បន្នបណ្ដាញខ្សែកាប្លិ៍អុបទិកមានប្រវែងជាង៤០.០០០គីឡូម៉ែត្រ ទូទាំងប្រទេស។

លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណា ចក្រ​កម្ពុជា បានកោតសរសើរចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរាជរដ្ឋាភិ បាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកន្លងមក ហើយធនាគារអភិវឌ្ឍន៍​អាស៊ីគឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានបន្ដថា បេស​ក​កម្មចម្បងមកកម្ពុជានេះគឺដើម្បីជួបពិភាក្សាការងារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិភាក្សាការងារនិងប្រមូលធាតុចូលសម្រាប់ការរៀបចំចង​ក្រងផែន​ការយុទ្ធ​សាស្ត្រនៃភាពជាដៃគូ២០១៩-២០២៣៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖ក្រសួងប្រៃសណីយ៍)