សម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មី ឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បា​នថ្លែងបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឱ្យកម្ពុជាវិល​ទៅរកសង្រ្គាម​វិនា​ស​កម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃពុធ ០២កើត ខែមាឃ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចតេជោ​នា​យករដ្ឋមន្ត្រី បានសរសេរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ យើងឃើញថា ទាំងប្អូន​ខ្មែ​រ​-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថា ជាឱកាសជួបជុំទទួលទាន​ម្ហូប​អាហារ​ជាមួយ ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយ​រីករាយ ​ដែល នាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។ អរគុ​ណ​​ជនរួមជាតិ​ដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យ​កាន់តែរីក ចម្រើនទៅមុខ។

ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍន៍រហូតមាន​កំណើនសេដ្ឋ​កិ​ច្ច​​រឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ​បរ​ទេ​សកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែង និងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរ​ណា​ប្រឹ​ងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ ច្បាស់ណាស់កាលណាប្រទេស ជាតិ​កា​ន់​តែរីកចម្រើនប្រជាពលរដ្ឋក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីក ចម្រើន​នៃ​ប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា នៅក្រោមការ​ដឹកនាំ​រប​ស់ខ្ញុំ គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុង រូប​ភាព​ណា​ក៏ដោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងឱកាស  ​បុ​ណ្យ​​ចូលឆ្នាំចិននេះ៕

ដោយជឹម ណារី