ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែ​កុម្ភៈ ឆ្នាំ២០១៩ — ប្រភពពីក្រសួងសាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យដឹងថា​ កាល​ពី​ថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្មនៃកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកស្រី Sunniya Durrani-Jamal នាយកប្រចាំកម្ពុជា។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ ជំនួបនេះធ្វើឡើង​ដើម្បីពិភាក្សា និងពិនិត្យឡើងវិញអំពីការអនុវត្តគម្រោងកំពុងបន្ត និងកម្មវិធីនាពេលអនាគត ដែលពាក់ព័ន្ធនឹងក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីគម្រោងផ្លូវថ្នល់ដែលកំពុងអនុវត្តន៍បន្ត ដើម្បីពង្រីកបណ្តាញផ្លូវថ្នល់កម្ពុជាដោយផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវច្រករបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ និងការធ្វើសមាហរណកម្មថ្នាក់ជាតិ គម្រោងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដូចជា៖ ការដាក់ឱ្យដំណើរការកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ការដាក់ឱ្យប្រើប្រាស់រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ និងគម្រោងសាងសង់ថ្មីរោងចក្រប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានជម្រាបជូនផងដែរ​អំពីការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែផ្លូវទឹក និងធាតុផ្សំសំខាន់ៗនៃផែនការជាតិភស្តុភារកម្ម។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា និង​បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តជួយគាំទ្រដល់គម្រោងផ្លូវថ្នល់ និងជួយដល់ក្រសួងទាក់ទងនឹងកម្មវិធីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ដោយ​ឡែក​ លោកស្រី Sunniya Durrani-Jamal បានមាន​ប្រសាសន៍ថា​ ក្រុមបេសកកម្មដែលមាននិវេសដ្ឋានប្រចាំកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(CARM) កំពុងដឹកនាំបេសកកម្មនៃកម្មវិធីឆ្នាំ២០១៩ ដើម្បីពិនិត្យឡើងវិញ និងបញ្ជាក់ជាមួយរដ្ឋាភិបាលកម្ពុជាអំពីការផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់២០១៩-២០២២៕ ដោយ​ ទេស ច័ន្ទសុធារី

រូបថត៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន