រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប្រកាសលុបចោលនូវការចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៅដើមខែមេសា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ការលុបចោលនូវការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ដែលហៅកាត់ថា “CO” ដើម្បីកាត់បន្ថយថ្លៃនាំចេញ និងនាំចូលឱ្យបានជាអតិបរិមាដល់ធុរជននៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ថ្លៃស្កែនកុងតឺន័រ ទាំងនាំចេញ និងនាំចូលសម្រាប់ វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបានបញ្ចុះដូចគ្នានឹងការនាំចេញ អង្ករដែរ គឺ ១០ដុល្លារអាម៉េរិកសម្រាប់កុងតឺន័រ ២០ហ្វិត និង ១៦ដុល្លារ សម្រាប់កុងតឺន័រ ៤០ហ្វិត នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះតទៅ។ នេះបើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ក្នុងកិច្ចប្រជុំលើកទី៧ នៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនា ពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់បន្ថែមថា វិធានការជាក់ស្តែងតាម រយៈការលុប CO,  វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនឹងចំណេញជាទឹក ប្រាក់ប្រមាណ ១៣លានដុល្លារអាម៉េរិក។

ដោយឡែក ក្នុងការលុបបំបាត់នូវចំណាយវិញ វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នឹងចំណេញជាទឹកប្រាក់ប្រមាណពី៨០លានដុល្លារអាម៉េរិក និងចំណេញពីការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ ប្រមាណ ៣,២ លានដុល្លារអាម៉េរិក។

ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ នូវវិធានការកែទម្រង់ធំៗក្រោមបាវចនា “កែទម្រង់ខាងក្នុង និងកសាងមិត្តខាងក្រៅ” ដោយឈរលើមូលដ្ឋានឯករាជ្យ ដើម្បីពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះរួមមាន ការកាត់បន្ថយថ្លៃអគ្គិសនីចាប់ពីឆ្នាំ ២០១៩ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ, លុបចោលនូវការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (certificate of origin “CO”) សម្រាប់ប្រទេសមិនមានតម្រូវការ, បញ្ចប់តួនាទីអចិន្រ្តៃយ៍របស់ អគ្គនាយកដ្ឋានកាំកុងត្រូលនៅតាមមាត់ច្រក, លុបចោលអង្គភាពកាំសាប, ដោះស្រាយនូវ កង្វល់របស់វិស័យឯកជនទៅលើ “ចំណាយក្រៅផ្លូវការក្រោមការគ្រប់គ្រងរបស់គយ” ព្រមទាំង រៀបចំប្រព័ន្ធអនឡាញ (online) សម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែម (VAT) របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅគ្រប់គ្រងការបង្វិលសង និងការប្រើប្រាស់ ឥណទានអាករលើតម្លៃបន្ថែម ជាដើម ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏នឹងទទួលរងនូវការបាត់បង់ចំណូល ប្រមាណ ៣២ លានដុល្លារអាម៉េរិក តែវិស័យឯកជននឹងចំណេញជាទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារអាម៉េ រិក ពីការបញ្ចប់តួនាទីអចិន្រ្តៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ពីមាត់ច្រកអន្តរជាតិ, ព្រំដែនគោក,អាកាសយានដ្ឋាន និង កំពង់ផែ។

រាជរដ្ឋាភិបាល ក៏បាន និងកំពុងដាក់ចេញនូវផែនការការងារកែទម្រង់មុតស្រួច និងស៊ីជម្រៅ សម្រាប់ក្រសួង-ស្ថាប័នគន្លឹះៗសម្រាប់អនុវត្តន៍ឱ្យបានជោគជ័យ សំដៅគាំទ្រ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព ជាពិសេស ផ្តោតលើកិច្ចការពិនិត្យលទ្ធភាពបញ្ចុះ ថ្លៃសេវាលើកដាក់កុងតឺន័រនាំចេញនិងនាំចូលពី ក្រុមហ៊ុនកប៉ាល់ធំៗ (Terminal Handling Fee), កាត់បន្ថយថ្លៃសេវា និងការបង្កើនប្រសិទ្ធភាពការងារ របស់កំពង់ផែធំទាំងពីរ, កំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីលទ្ធផលកិច្ចប្រជុំលើកទី៧ នៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏បានត្រៀមនឹងបញ្ចប់ការធ្វើវិសោធនកម្ម ច្បាប់ស្តីពី ការវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស, ពិនិត្យនិងសិក្សា លទ្ធភាពច្របាច់បញ្ចូល ដំណើរការ និងសម្រួលកិច្ចការចុះបញ្ជីអាជីវកម្មក្នុង និងរវាងស្ថាប័នពាក់ព័ន្ធ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធ សំដៅដល់ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ, រៀបចំជាបញ្ជីស្ថាប័ន និងពេលវេលា ដែលត្រូវចុះត្រួតពិនិត្យនៅតាម រោងចក្រ, សិក្សាអត្រាភាគទានផ្នែករបបសោធនដែលសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទទួល យកបានពីគ្រប់ភាគីពាក់ព័ន្ធ, រៀបចំបង្កើតធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs Bank) ព្រមទាំង ពិភាក្សាឡើងវិញនូវការលុបចោលនូវថ្ងៃឈប់សម្រាក ដែលមិនចាំបាច់ឱ្យបានជាអតិបរមា និងលុបចោលការលើកថ្ងៃ ឈប់សម្រាកនៅក្នុងវិស័យឯកជន៕

ដោយ គង់ សិរីរ័ត្ន