មន្រ្តីជំនាញផ្នែកអគ្គិភ័យអះអាងថា អគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមក្នុង​ឆ្នាំនេះ កើតឡើងតែ៣លើកប៉ុណ្ណោះនៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានអះអាងថា ជាការកត់​សម្គាល់​សម្រាប់ ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិចិន និងវៀតណាមនៅកម្ពុជាក្នុងឆ្នាំនេះ បញ្ហាគ្រោះអគ្គិភ័យ កើតឡើងមានចំនួនតិចតួចគួរឱ្យកត់សម្គាល់គឺមានតែ៣លើកប៉ុណ្ណោះ​នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ នេត វត្ថា ប្រធាន​នាយកដ្ឋាននគរបាលបង្ការ ពន្លត់​អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងនារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ លោកឧត្តមសេនីយ៍ទោ នេត វត្ថា បានបញ្ជាក់ថា សម្រាប់រយៈពេលមួយថ្ងៃ​នៃថ្ងៃទីមួយក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពោលគឺនៅថ្ងៃទី០៤ ខែកុម្ភៈ ម្សិលមិញនេះ គឺមានគ្រោះអគ្គិភ័យកើតឡើងមានចំនួនពីរលើកប៉ុណ្ណោះ។ ក្នុងនោះ អគ្គិភ័យ​​មួយលើកកើត​ឡើងនៅខេត្តកំពង់ចាម និងមួយលើកទៀតនៅខេត្តព្រះវិហារ។ ចំណែកនៅថ្ងៃទី០៥ ខែកុម្ភៈ​នេះគឺកើតឡើង១លើកទៀត នៅរាជធានីភ្នំពេញ ស្ថិតនៅម្ដុំកោះពេជ្រ ប៉ុន្ដែត្រូវ​ជួយទាន់ពេល វេលា ដោយ​មិនបង្កឱ្យខូចខាតអ្វីនោះទេ។

លោកឧត្តមសេនីយ៍ទោបានលើកឡើងថា គ្រោះអគ្គិភ័យទាំងនេះគឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី និងការដុតទៀនធូប។ តែទោះបីជាយ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យទាំង​បីលើកនេះ គឺអាចធ្វើការគ្រប់គ្រងបាន និងមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។ លោក ឧត្តមសេនីយ៍ទោបានបន្ដថា គ្រោះអគ្គិភ័យសម្រាប់ថ្ងៃទីមួយក្នុងឆ្នាំនេះ ​បើប្រៀបធៀបទៅនឹង​ឆ្នាំមុន គឺកើតឡើងមានចំនួនតិចជាង។ ជាក់ស្តែងសម្រាប់ឆ្នាំ២០១៨កន្លងមក គឺគ្រោះអគ្គិភ័យ កើតឡើងក្នុងមួយថ្ងៃមានចំនួនបីលើក។ លោកឧត្តមសេនីយ៍ទោបានបន្ថែមថា ក្នុងឆ្នាំនេះ ចំនួន​គ្រោះអគ្គិភ័យដែលកើតឡើងមានចំនួនតិចតួចបែបនេះ គឺបណ្តាលមកពីការយល់ដឹង​របស់​ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជុំវិញបញ្ហាអគ្គិភ័យ គួបផ្សំនឹងការគិតគូររបស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិជុំវិញការបង្ការ និងការពន្លត់អគ្គិភ័យផងដែរ៕

ដោយ ចាន់ សុធីវង្ស