ខេត្តកែប​នឹងមានព្រះពុទ្ធរូបធំជាងគេលើពិភពលោក​ និងមានរថភ្លើងល្បឿនលឿនពីខេត្តព្រះសីហនុ​ មកកាន់ខេត្តកែប​

AKP កែប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្នុងពេលដ៏ខ្លីខាងមុខនេះ ខេត្តកែបនឹងមានរូបព្រះពុទ្ធរូបធំជាងគេលើពិភពលោក និង មានរថភ្លើងដែលមានល្បឿនលឿនជាងគេបំផុតពីខេត្តព្រះសីហនុ មកកាន់ខេត្តកែប។នេះជាការលើកឡើងពីសំណាក់ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត កែបនៅក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុនវិនិយោគមកពីព្រះរាជាណាចក្រថៃដែលក្រុមហ៊ុននេះ ពិភាក្សាពីគម្រោងវិនិយោគនៅក្នុងទឹកដីខេត្តកែបនៅរសៀលថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩​។

ឯកឧត្តមអភិបាលខេត្ត​បានរៀបរាប់ពីភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់ខេត្តកែប​ ដើម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ​។ ឯកឧត្តមអភិបាលខេត្ត​ក៏បានបញ្ជាក់ពី បញ្ហាប្រឈម​ផ្សេងៗ​ដែលមាន​សម្រាប់ខេត្តទាំងមូល​ ដល់អាជីវករដែលកំពុងបម្រើសេវា ទេសចរណ៍នៅខេត្តកែប​ថា ​ភ្ញៀវដែលមកលេងខេត្តកែប​ គឺមានតាមរដូវកាល​មិនមែនមក លេងកែបគ្រប់រដូវកាលនោះទេ​ នេះគឺជាបញ្ហាប្រឈមរបស់ខេត្ត​ជាហេតុធ្វើឱ្យថ្នាក់ដឹកនាំ ខេត្ត​ ខិតខំបន្ថែមទៀត​ដើម្បីបំពេញ​ និងដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ថៃ​នឹងមានគម្រោងបង្កើត តំបន់ទេសចរណ៍ឱ្យបានទូលាយ​  និងច្រើន​ជាងនេះ​ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យ បានច្រើនជាងនេះបន្ថែមទៀត​។ ​ ក្រុមហ៊ុនវិនិយោគនេះ​នឹងសន្យាថា​ សាងសង់រូបព្រះពុទ្ធរូប ដែលមានកម្ពស់ និងទំហំធំជាងគេលើពិភពលោក​ និងរថភ្លើងដែលមានល្បឿនលឿនជាងគេ ពីខេត្តព្រះសីហនុ​ មកកាន់ខេត្តកែប​។

ឯកឧត្តមអភិបាលខេត្ត​ បានទទួលការសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣​ថៃ​អំពីសក្តានុពលរបស់ខេត្ត ​ ដើម្បីផ្សព្វផ្សាយឱ្យកាន់ទូលំទូលាយ​ ជូនទូទាំងពិភពលោក​ឱ្យបានស្គាល់នូវទេសភាពយ៉ាងត្រកាលរបស់ខេត្តកែប​ផងដែរ៕

ដោយ ប្រាក់ លាង