គ្រូបង្វឹកកាយសម្បទាក្លិបក្រសួងការពារជាតិបង្កើនការហ្វឹកហាត់កីឡាករដើម្បីប្រជែង ជើងឯកលីគកំពូល រដូវកាលថ្មី២០១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — គ្រូបង្វឹកកាយសម្បទាក្លិបបាល់ទាត់ក្រសួងការពារជាតិ លោក យឿម ណារ៉ាន់ ដែលទើប​ចូល​បង្ហាត់រយៈពេលពីបីខែមកនេះយល់ឃើញថា កីឡាកររបស់ក្រសួងការពារជាតិ មានភាពរឹងមាំ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ប៉ុន្តែពួកគេនៅមានការខ្វះខាតផ្នែកកម្លាំង ជាពិសេស របបអាហារតែម្តង។ លោកបានផ្តោតសំខាន់៦០ភាគរយ ទៅលើការកែប្រែចំណុចទាំង​អស់​នេះ ដើម្បីធានាឱ្យបាន១០០ភាគរយ ក្នុងការប្រជែងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ ក៏ដូចជាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩នេះ ផងដែរ។

គ្រូបង្ហាត់សម្បូរបទពិសោធន៍ផ្នែកកាយសម្បទាពីប្រទេសថៃរូបនេះបានបញ្ជាក់ឱ្យដឹងថា ក្រោយពីសម្រាកក្នុងពេលចប់រដូវកាលពីលីគកម្ពុជារដូវកាល២០១៨ កន្លងទៅនេះ ក្លិប ក្រសួងការពារជាតិទើបតែប្រមូលផ្តុំហ្វឹកហាត់បានពេល៦សប្តាហ៍ប៉ុណ្ណោះ ដូចផ្នែកកាយ សម្បទាខាងកម្លាំង មិនទាន់បានល្អ១០០ភាគរយនោះទេ ប៉ុន្តែលោកនឹងព្យាយាមបំពេញ​បន្ថែមនូវអ្វីទាំងនេះឱ្យល្អមកវិញនៅបើករដូវកាលថ្មី។

ចំណែកលោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិបានគូស​បញ្ជាក់​ដែរថា ជាដំបូងក្លិប នាំយកគ្រូង្វឹកកាយសម្បទា លោក យឿម ណារ៉ាន់ រយៈ១ឆ្នាំសិន ប្រសិនគ្រូកាយសម្បទារូបនេះអាចបំពេញនូវអ្វីដែលក្លិបកំពុងខ្វះខាត ក៏ជាអ្វីដែលក្លិបចង់បាន នោះ ក្លិបនឹងពិចារណាបន្តធ្វើការជាមួយគាត់ទៀត។ គ្រូបង្វឹក ដែលដឹកនាំ​ក្លិបបាល់ទាត់​ក្រសួងការពារជាតិឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨ កន្លងមកនោះ បានបញ្ជាក់ឱ្យដឹងពីការនាំយកគ្រូផ្នែកកាយសម្បទាថ្មីនាពេលនេះ គឺជាអ្វី​លោក​បានគិតគូរតាំងពីរដូវមុនមក។ លោកបានបញ្ជាក់បន្ថែមថា “ប្រសិនបើអ្នកទទួលបន្ទុក​ធ្វើ​លំហាត់កាយសម្បទាមិនទទួលជោគជ័យទេ នោះយើង នឹងមានការផ្លាស់ប្តូរគ្រូកាយ​សម្បទា ដើម្បីឱ្យកីឡាករទាំងអស់ទទួលបានកម្លាំងកាយសម្បទារឹងមាំ នារដូវកាល ក្រោយៗ​ទៀត”៕

ដោយ ហេង ណាលីន