រដ្ឋមន្ត្រីក្រសួងអប់រំស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំដើម្បីសម្រេចគោលដៅរួមគ្នា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំធ្វើយ៉ាងណាឱ្យសម្រេចគោលដៅរួមគ្នា តាមរយៈការយកឈ្នះ មេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅក្នុងឋានៈជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ខាងមុខ។ ការលើកឡើងនេះបានធ្វើនៅក្នុងឱកាសបិទបូកសរុបលទ្ធផលការងារ​អនុ​វិស័យអប់រំកាយ និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩ នៅសាលាប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ដើម្បីត្រៀមខ្លួនឱ្យទទួល​បានជោគជ័យ ស៊ីហ្គេម នៅកម្ពុជានាឆ្នាំ២០២៣ខាងមុខនេះ គឺយើងត្រូវរៀបចំផែនការ​ជាក់ លាក់ និងលម្អិតដើម្បីសម្រេចបាននូវលទ្ធផលតាមការគ្រោងទុក។ ឯកឧត្តមបានលើក​ឡើងថា បើយើងមិនខិតខំពីឥឡូវនេះទេ គោលដៅនៅ៤-៥ឆ្នាំខាងមុខមិនអាចទទួល​បាន​តាមអ្វីដែលយើងចង់បាននោះឡើយ ដូច្នេះហើយយើងត្រូវរៀបចំការប្រជុំពិភាក្សាគ្នា រៀបចំ​សិក្ខាសាលាឱ្យបានច្រើនដង ដើម្បីឱ្យយើងមានពេលវេលាច្រើន ក្នុងការរៀបចំផែនការ ច្បាស់លាស់ឈានទៅសម្រេចគោលដៅ ស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានោះក្រសួងអប់រំ យុវជន និងកីឡានឹងត្រូវសហការការងារយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ពីព្រោះថា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺកម្ពុជាទទួលធ្វើម្ចាស់ផ្ទះទាំងពីរដូចគ្នា ដែលខុសគ្នាប្រហែល១ខែប៉ុណ្ណោះ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន​ និងកីឡាបានឱ្យដឹងថា ក្រសួងអប់រំបានរៀបចំព្រឹត្តិការណ៍កីឡាក្នុងស្រុក និងបញ្ជូនអត្តពលិក​ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ នៅក្រៅស្រុកជាច្រើនលើកជាមួយនឹងការទទួល​បាននូវ លទ្ធផលមេដាយជាច្រើនផងដែរ។ ឯកឧត្តមបន្ដថា ក្នុងនោះមានដូចជាការប្រកួតកីឡាសិស្ស និស្សិត, ការប្រកួតកីឡាសហព័ន្ធ ការប្រកួតកីឡាជាតិ ការរៀបចំទិវាកីឡាជាតិ ការគាំទ្រថវិកា ជាតិដល់សហព័ន្ធកីឡាជាតិ ក្នុងឆ្នាំ២០១៨ចំនួន៣៤សហព័ន្ធ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ២០​២៣ ខាងមុខ។ ឯកឧត្តមក៏បានបង្ហាញនូវសមិទ្ធ ផលនានាដែលក្រសួង អប់រំសម្រេចបានក្នុងឆ្នាំ២០១៨ និងបន្តដាក់ទិសដៅសម្រាប់ការអនុវត្តអនុវិស័យអប់រំកាយ និងកីឡា សម្រាប់ឆ្នាំ២០១៩ទៀតផង៕

ដោយ ហេង ណាលីន