នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អ្នកលក់ផ្កានៅព្រះអង្គចេកព្រះអង្គចមអះអាងថា លក់ដាច់ជាងថ្ងៃធម្មតា

AKP សៀមរាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រជាពលរដ្ឋ​អ្នក​លក់​ផ្កានៅ​ជាប់របងព្រះអង្គចេកព្រះ​អង្គចមក្នុងខេត្តសៀមរាប ​បាន អះអាងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មុខរបរលក់ផ្ការបស់ពួកគាត់លក់ដាច់ជាង ថ្ងៃធម្មតា បើទោះបីជាបុណ្យនេះមិនមែនជាប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែបងប្អូនខ្មែរដែល ជាប់ខ្សែស្រឡាយចិន នៅថ្ងៃនេះបានចេញដើរកម្សាន្ត និងបានមកទិញផ្កាយកទៅថ្វាយ ព្រះអង្គចេកព្រះចម ដើម្បីសុំសេចក្តីសុខជាច្រើន។

អ្នកស្រី ស៊ូ ចាន់ ជាអ្នកលក់ផ្កានៅជាប់របងព្រះអង្គចេកព្រះអង្គចមខេត្តសៀមរាប​បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះក្នុងមួយ ថ្ងៃអ្នកស្រីអាចលក់ផ្កាអស់ពី៥០០ ទៅ ២០០០ផ្កា ឬអាចលើសនេះ ហើយផ្កាដែលលក់ដាច់ ជាងគេគឺផ្កាឈូក។ អ្នកស្រីបន្តថា បើទោះបី​ពិធីបុណ្យនេះមិនមែនជាបុណ្យប្រពៃណីខ្មែរក៏ពិត មែន ប៉ុន្តែបងប្អូនខ្មែរដែល​ជាប់​ខ្សែស្រឡាញចិនទូទាំងប្រទេសកម្ពុជានៅ​ថ្ងៃនេះ បានចេញដើរ កម្សាន្តជាច្រើន ហើយក៏បាន​មកទិញផ្កាយកទៅថ្វាយព្រះអង្គចេកព្រះ​អង្គចម និង​លោកយាយទេពដើម្បី​សុំសេចក្តីសុខ។ ប្រជាពលរដ្ឋដែលមកទិញផ្កាទាំង​នេះ​មិនមែន​តែអ្នកសៀមរាបទេ គឺ​ភាគ​ច្រើន​ជាអ្នកមកពីតាមបណ្តាខេត្តផ្សេងៗដែលបាន​មកកម្សាន្តនៅ​ខេត្តសៀមរាប​ហើយក៏ចូល​មកទិញផ្កាថ្វាយព្រះ។

សូមបញ្ជាក់ថា ប្រជា​ពលរដ្ឋកម្ពុជា រួម​ជា​មួយអ្នកទេសចរបរទេស ដែលបាន​មកទស្សនាខេត្តសៀមរាប​ភាគ​ច្រើនតែងតែបាន​ទៅ​គោរពប្រតិបត្តិព្រះអង្គចេកព្រះ​អង្គចម និងលោកយាយទេព ដែលស្ថិតនៅជិតព្រះរាជដំណាក់នៃក្រុងសៀមរាប ដើម្បីសុំសេចក្តី សុខចម្រើនទៅតាមការជំនឿរបស់ខ្លួន។ នៅពេលប្រជា​ពលរដ្ឋ ក៏ដូចជាអ្នកទេសចរទៅ គោរពបូជានៅទីសក្ការៈនេះ ចាំបាច់ត្រូវទិញធូបទៀន និងផ្កាភ្ញីសម្រាប់ទៅថ្វាយព្រះអង្គ។ ដែលកត្តាទំាងនេះហើយ ដែលបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាអ្នកលក់ផ្កានេះជា រាងរាល់ថ្ងៃ។ មុខរបរលក់ផ្ការបស់ប្រជាពលរដ្ឋនៅជាប់របងវិហាព្រះអង្គ ចេកព្រះអង្គចមនេះ គឺមានការរៀបចំយ៉ាងមានរបៀបរៀបរយ និងមាន​ការ​បែងចែកវេនគ្នាមកលក់នៅខាងមុខ ម្នាក់មួយថ្ងៃ ដើម្បីឱ្យអ្នកលក់ផ្កានៅតំបន់នេះទទួលបានប្រាក់ចំណូលដូចៗគ្នា៕

ដោយ ឃុត សៅ