ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនប្រចាំឆ្នាំ២០១៨ និងសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពត

AKP កំពត ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនជំនាញព្រំដែនឆ្នាំ២០១៨ និងសម្ពោធសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការ សឹករងកំពត ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត លោកមេបញ្ជាការ លោកមេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក មេបញ្ជាការភូមិភាគ៣ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមប្រឹក្សាខេត្ត  អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពត សរុបប្រមាណ ៥២០នាក់។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ យឹម ប៊ុន ធឿន មេបញ្ជាការរងភូមិភាគ៣ និងជាមេបញ្ជាការតំបន់ប្រតិបតិ្តការសឹករងកំពតបានឱ្យដឹងកាលពីថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ថា អង្គភាពនៃតំបន់ ប្រតិបតិ្តការ សឹករងកំពត បានដាក់ចេញនូវផែនការហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពរបស់ខ្លួនប្រចាំឆ្នាំ២០១៨ សំដៅធ្វើឱ្យយោធិន គ្រប់រូបមានវិន័យ សណ្តាប់ធ្នាប់ ជួរទ័ព របៀបរបបធ្វើការងារល្អ អត្តចរិតថ្លៃថ្នូរ មានសមត្ថភាព គ្រប់គ្រាន់ក្នុងការ បំពេញភារកិច្ចជំនាញតាមបណ្តោយព្រំដែន និងភូមិសាស្ត្រទទួលខុសត្រូវ។ ទន្ទឹមនឹងនេះយើងក៏ត្រូវចេះបំផុសចលនាមហាជនឱ្យចេះជួយការពារ និងអភិវឌ្ឍន៍តំបន់ ព្រំដែន ជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបតិ្តការ។

លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ការហ្វឹកហ្វឺនអប់រំដល់យោធិនគ្រប់រូបឱ្យយល់ ច្បាស់ពីតួនាទីភារកិច្ចក្នុងការត្រួតពិនិត្យបង្គោលព្រំដែនសហការគ្នាល្អក្នុងការល្បាតត្រួតពិនិត្យព្រំដែន ជាមួយកងទ័ពប្រទេសជិតខាងសំដៅទប់ស្កាត់រាល់ បទល្មើសឆ្លងដែនដែល កើតមានឡើងជាយថាហេតុ។

ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ ជាកងកម្លាំងដ៏សំខាន់សម្រាប់ការពារប្រទេសជាតិផង ហើយកម្លាំង ក៏អាចបំផ្លាញប្រទេសឱ្យខ្ទេចខ្ទាំបានដែរ ដរាបណាសង្គមមួយបានប្រែប្រួល មិនខុសពីសម័យ លន់ ណុល នោះទេ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា ចំពោះសម័យកាលនេះក្រុមប្រឆាំងមួយក្តាប់ តូចដែលកំពុងជ្រកកោននៅឯក្រៅប្រទេស តែងតែស្រែកមួលបង្កាច់បង្កការញុះញង់ ក្នុងគោលបំណងចង់បំផ្លាញសុខសន្តិភាពរបស់យើង ប៉ុន្តែទោះជាមានការប៉ុនប៉ងបែបណា ក៏ដោយគឺមិនអាចទៅរួចនោះទេ ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលែងមានជំនឿ របស់ជនអគតិមួយក្តាប់តូចនោះទៀតហើយ។ ដូច្នេះក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ចាំបាច់ត្រូវតែរក្សាស្ថិរភាព ការពារប្រទេសជាតិឱ្យបានរឹងមាំជាដរាប ហើយកងកម្លាំង ក៏មាន តួនាទីសំខាន់ ក្នុងការត្រៀមលក្ខណៈជាស្រេចការពារបុព្វហេតុជាតិ ការពារប្រជាជន ពិសេស កងកម្លាំងត្រូវបន្តកិច្ចសហប្រតិបតិ្តការល្អ រវាងប្រទេសជិតខាងជាប់ព្រំដែន និងត្រូវចេះពង្រឹង សមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។

នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានផ្តល់កិតិ្តយសបំពាក់ឋានន្តរ ស័ក្តិជូននាយទាហាន ពលទាហាន និងបំពាក់គ្រឿងឥស្សរិយយសជូននាយទាហាន ពលទាហាន រួចកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាដាក់ឱ្យប្រើប្រាស់ ជាផ្លូវការចាប់ពីពេល នេះតទៅ៕

ដោយ ប្រាក់ លាង