ក្រុមធនាគារជាតិនៃកម្ពុជា ក្រសួងការងារ និងក្រសួងបរិស្ថានឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់អន្តរក្រសួង ស្ថាប័ន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ៣ក្រុម គឺមានក្រុមធនាគារជាតិនៃកម្ពុជា, ក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមក្រសួងបរិស្ថានបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គ១៦ក្រុមចុងក្រោយ កាលពីល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបានឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀតនៃ ព្រឹត្តិការណ៍ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី៦ រដូវកាល ២០១៩ នៅ ទីលាន Premium Sport Club ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះ៣ក្រុមដែលបានឡើងទៅប្រកួតបន្តនៅវគ្គ៨ក្រុមចុងក្រោយនោះ គឺក្រុមធនាគារជាតិ នៃកម្ពុជាបានយកឈ្នះលើក្រុមសាលាដំបូងរាជធានីភ្នំពេញ ដោយលទ្ធផល ១ទល់០ ដោយ កីឡាករ វ៉ា សារ៉េត ខណៈក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយកឈ្នះ ក្រុម ក្រសួងអប់រំយុវជន និងកីឡា ដោយលទ្ធផលបច្ចេកទេស ៣ទល់២។ រីឯក្រុមក្រសួង បរិស្ថានបានប្រកួតឈ្នះក្រុមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅក្នុងលទ្ធផល ៥ទល់៤។នេះជា៣ប្រកួតបើកឆាកវគ្គមុនគេ នៃវគ្គ១៦ក្រុមចុងក្រោយ ហើយវគ្គដដែលនេះនៅសល់៥ ប្រកួតទៀត ដោយគ្រោងនឹងប្រកួតនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ចំនួន២ប្រកួត និងធ្វើ នៅថ្ងៃទី១០ ខែកុម្ភៈចំនួន៣ប្រកួតទៀត ដើម្បីកាត់សេចក្តីថាតើ៥ក្រុមខ្លាំងៗណាទៀត នឹង ឈ្នះឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយជាមួយនឹង៣ក្រុមខាងលើ ដែលរង់ចាំរួច ហើយ នោះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន រដូវ កាល២០១៩នេះ មានក្រុមចូលរួមចំនួន៣១ក្រុម ក្រោមការរៀបចំពីសហភាពសហព័ន្ធ យុវជនកម្ពុជា និងទទួលបានការឧបត្ថម្ភគាំទ្រ ពីបណ្តាក្រុមហ៊ុនជាដៃគូចំនួន១៦ក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅផ្តល់ឱកាសឱ្យកីឡាករ ជាមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ននានាបានចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងរិតចំណងសាមគ្គីភាព ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕

ដោយ ហេង ណាលីន