ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រជុំបូកសរុបសភាពការណ៍ខែមករា និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ ចិន-វៀតណាម

AKP ​ព្រះសីហនុ​ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំ​ខែ​មករា​ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណីចិន-វៀតណាម នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពី​លោក​ស្នងការរង នាយ​ការិយាល័យជំនាញទាំងអស់ លោក​អធិការ​ អធិការ​រង​នគរបាលក្រុង ស្រុក និង​នាយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាលទាំង​២​៩​ ឃុំ សង្កាត់ ទូទាំងខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី អ៊ឹម វល្ល័ក្ខណ៍ ស្នងការ​រង​ និង​ជា​ប្រធាន​សេនាធិការនា​បានមានប្រសាសន៍ថា ក្នុងខែមករា ២០១៩ បទល្មើសព្រហ្មទណ្ឌ កើត​ឡើង​ ១៨ លើក លើ ១៩លើក (ប្រៀបធៀប​ខែ​ធ្នូ​ឆ្នាំ​២០១៨​ មាន​ការ​ថយ​ចុះ​១​លើក​)​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង ៩​លើក បទល្មើស​មជ្ឈឹម​កើត​ឡើង​ ៩លើក លើ ២៤លើក បើប្រៀបធៀបខែមុន (មាន​ការ​កើន​ឡើង​ ១៥លើក)​។ ចំណែកបទល្មើស​ខាង​លើបណ្ដាលឱ្យ​ស្លាប់​មនុស្ស​ ១នាក់ ​រង​របួស​ ៥នាក់ បាត់បង់​សម្ភារ​ផ្សេង​ៗ​សរុប​ទឹកប្រាក់ប្រមាណ៥​.០០០ដុល្លារ។  លោកបានបន្តថា ជាលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសបាន​ចំនួន​១៨ករណី​ ឃាត់ខ្លួន​ចំនួន​ ៥៩នាក់ ជនជាតិ​ចិន​៤៥នាក់​ ក្ក្នុងនោះ បទល្មើស​ឧក្រិដ្ឋ​ចំនួន​ ៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤៤នាក់ ជនជាតិចិនចំនួន​ ៣៨នាក់​ ។ ​

បទល្មើស​មជ្ឈិម​ចំនួន​ ៩ករណី ឃាត់ខ្លួន​ ១៥នាក់​ ជន​ជាតិ​ចិន ៧នាក់ ។ បទល្មើស​ខាង​លើបានកសាងសំណុំរឿងតាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត​។ ដោយឡែកគ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើងចំនួន​២១លើក លើ ២៧លើក ថយ​ចុះ​ ៦លើក ធៀបនឹងខែធ្នូ ២០១៨ បណ្តាលឱ្យស្លាប់មនុស្សចំនួន១៦នាក់​ រង​របួស​ធ្ងន់​ ស្រាល​ចំនួន​ ៥៣​នាក់​ និងខូចខាតយានយន្ត៤២គ្រឿង​ ក្នុង​នោះ​រថយន្ត​១៧គ្រឿង ម៉ូតូ​ ២៥គ្រឿង ។ 

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណារិន្ទ​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ត្រីនគរបាលបានបំពេញការងារតាមតួនាទី ភារកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានល្អ ។ លោកក៏បានណែនាំ ឱ្យថ្នាក់ដឹកនាំ​ទាំងអស់ ពង្រឹង​វិន័យ​ការ​ងារ​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដោយធ្វើ​ការ​ត្រួត​ពិនិត្យ​កម្លាំង​ប្រចាំ​ការ​ ប្រចាំ​បញ្ជា និងត្រៀមអន្តរាគមន៍ទាន់ពេលវេលា ត្រូវមានវត្តមាន ជាពិសេសក្នុងឱកាស​នៃបុណ្យចូលឆ្នាំប្រពៃណីចិន​ វៀតណាម នាពេលខាងមុខ។  លោក​ឧត្តម​សេនីយ៍ទោ​បាន​សង្កត់ធ្ងន់លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសពិនិត្យជន​បរទេស​បេីកបរ​យាន​យន្ត​ ដោយ​គ្មាន​ប័ណ្ណ​បើកបរ​ បើក​បរ​អត់​ពាក់​មួក​សុវត្ថិភាព​ គ្មាន​កញ្ចក់​មើល​ក្រោយ​ បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​បើកបរលើសល្បឿនកំណត់។  ចំពោះ​ជន​ណា​បើកបរយានយន្តដោះ​ស្លាកលេខទុក និង​យក​ស្គុត​បិទ​ស្លាកលេខ ពួកគេ​សុទ្ធតែ​ជា​មុខសញ្ញា​មិន​ល្អ​មាន​បំណង​ទុច្ចរិត​ ត្រូវ​តែ​ស្ទាក់​ចាប់​ឱ្យបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ដោយ ងូ សុមុនី