ក្រសួងទេសចរណ៍៖កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណ១០.០០០នាក់ នៅឆ្នាំ២០២០ ​សម្រាប់បម្រើឱ្យវិស័យទេសចរណ៍

AKP សៀមរាប ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ទ្រី ឈីវ  ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៃ​ក្រសួង ទេសចរណ៍បានអះអាងថា ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជា គឺមានការកើនឡើង​ជារៀងរាល់ឆ្នំា ហើយដើម្បីបំពេញទៅនឹងកំណើនភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍​ត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង១០.០០០នាក់នៅឆ្នំា២០២០ ខណៈបច្ចុប្បន្ននេះ​កម្ពុជាមានមគ្គុទេសចរណ៍ប្រមាណតែជិត៦.០០០នាក់ប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសាព័ត៌មានបន្ទាប់បានបើកវិញ្ញាសាប្រឡងមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ ជាតិជំ នាន់ទី៦ និងថ្នាក់តំបន់ជំនាន់ទី២៧ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ទ្រី ឈីវ  បានបញ្ជាក់ថា ដើម្បីសម្រេចបានចំនួនមគ្គុទ្ទេសក៍ទេសណ៍គ្រប់ចំនួន​តាមផែនការ​នេះ ក្រសួងទេសចរណ៍សហការជាមួយសាកលវិទ្យាល័យបៀលប្រាយ សាខា​ខេត្តសៀមរាប​បានបើកការប្រឡងជ្រើសរើសមគ្គុទេសក៍ទេសចរណ៍ថ្នាក់ជាតិចំនួន៤១នាក់ និងថ្នាក់តំបន់​ចំនួន​៧៣០នាក់ ទៅលើភាសាចំនួន១០ភាសា រួមមានភាសារអង់គ្លេស បារាំង ចិន ជប៉ុន ​កូរ៉េ អាល្លឺម៉ង់ អេស្ប៉ាញ រុស្ស៊ី​ ម៉ាឡេស៊ី និងភាសាថៃ។ នៅក្នុងចំណោមបេក្ខជន​ទាំងអស់គឺមាន​បេក្ខ​ជនប្រឡងមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារចិនច្រើនជាងគេ។

ឯកឧត្តមបានបន្ដថា មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានតម្រូវការខ្ពស់ជាងគេ គឺមគ្គុទេ្ទសក៍ទេស​ចរណ៍​និយាយភាសាចិន ព្រោះថា កំណើនអ្នកទេសចរណ៍ជនជាតិចិន ដែលចូលមកទស្សនា​កម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានការកើនឡើង​ជា​បន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរចិនចំនួនជាង៦៧ម៉ឺននាក់, នៅឆ្នាំ២០១៧ មានចំនួន៩១ម៉ឺននាក់ និងនៅឆ្នាំ២០១៨​ទទួលបានភ្ញៀវទេសចរចិនប្រមាណ​១.៩លាននាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ជាការ​ពិតណាស់សម្រាប់នៅខេត្តសៀមរាបមានក្រុមហ៊ុនទេសចរណ៍ជាច្រើននៅក្នុងខេត្តនេះកំពុងមានតម្រូវការមគ្គុទេ្ទសក៍ទេសចរណ៍និយាយភាសាចិន ដើម្បីនាំភ្ញៀវដើរកម្សាន្តនៅតាម​រមណីយដ្ឋានអង្គរ នាពេលបច្ចុប្បន្ន។ លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណជាង៣០ កំពុងបម្រើសេវាឱ្យភ្ញៀវទេសចិន ដែលមកលេងកម្សាន្ដនៅ​តាម​រមណីយដ្ឋាននានា។ ទន្ទឹមនេះ ក្រុមហ៊ុនខ្លះ តូច ត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍​និយាយភាសាចិនយ៉ាងហោចណាស់ក៏ពី៣០-៤០នាក់។ ចំណែក ឯក្រុមហ៊ុនធំ គឺត្រូវការ​មគ្គុទ្ទេសក៍ចាប់ពី១០០នាក់ឡើងទៅ។ លោកបានបញ្ជាក់ទៀតថា ដោយសារចំនួនភ្ញៀវ​ទេសចរចិន ចេះតែកើនឡើង គឺតាមក្រុមហ៊ុនបម្រើសេវាកម្មទេសចរណ៍​មួយចំនួននៅខេត្ត​សៀមរាបបានខ្វះមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន។

ឯកឧត្តម ប៉ាក់ សុខម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កំណើនភ្ញៀវទេសចរចិនមកកម្ពុជាមិនត្រឹម តែជួយដល់សេដ្ឋកិច្ចកម្ពុជាឱ្យប្រសើរឡើង​ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយពង្រឹងដល់កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ចិនផង និងរវាង​ប្រទេស​នៅក្នុងតំបន់អាស៊ានទាំងមូលផង។ ឯកឧត្តមគូសបញ្ជាក់ថា មិនមែនតែកម្ពុជាទេ ដែលត្រូវការកំណើនភ្ញៀវទេសចរណ៍ចិន គឺប្រទេសនៅក្នុងតំបន់អាស៊ាន​ទាំងមូល និងពិភព​លោក ក៏ត្រូវការកំណើនទេសចរចិនផងដែរ៕

ដោយ ឃុត សៅ