អាជ្ញាធរខេត្តព្រះវិហារ បើកកិច្ចប្រជុំការងារត្រៀមបើកច្រកទ្វារអានសេះ ជាច្រកទ្វារអន្ដរ​ជាតិនៅពេលមុខឆាប់ៗនេះ

AKP ព្រះវិហារ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩​ — ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានបើក កិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំតំបន់ទីផ្សារច្រកទ្វាអានសេះ និងតំបន់សេដ្ឋកិច្ច នានាទិសទី១ ប្រាសាទព្រះវិហារ ដែលមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង គ្រប់ ស្ថាប័ន ដែលពាក់ព័ន្ឋនានាជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីបញ្ជាការកង​ពលធំអន្តរគមន៍លេខ៣ នារសៀលថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលបានធ្វើកិច្ចព្រមព្រៀងគ្នា​ជាមួយ​ភាគី​ថៃរួចរាល់ហើយ ក្នុងការបើកច្រកអន្តរជាតិចំនួន៤ នៅក្នុងឆ្នាំ២០១៩នេះ គឺបើក​ព្រម​គ្នាតែម្តង មិនបើកម្តងមួយៗទេ ច្រកអន្តរជាតិទាំង៤នេះ មាននៅខេត្តពោធិ៍សាត់ ខេត្ត​បាត់​ដំបង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ គឺមានច្រកទ្វារអានសេះតែម្តង។ ឯកឧត្តម បានបន្ថែម​ថា នីតិវិធីនៃការដាក់ឱ្យដំណើរច្រកអន្តរជាតិនេះ គឺធ្វើព្រមគ្នា​ ហើយទីតាំង​ត្រូវ​ប្រារព្ធអាចនៅ​ខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង ហើយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូល​រួមបើក។ ឯកឧត្តមបានបញ្ជាក់ថា ​អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀម​លក្ខណៈក្នុងការរៀបចំច្រកឱ្យមានលក្ខណៈល្អ ព្រោះភាគីថៃ បានត្រៀមដី​ចំនួន៣ហិកតា សម្រាប់រៀបចំរដ្ឋបាលច្រករបស់ខ្លួនហើយដែរ ៕

ដោយ ទិត ស្រ៊