អគារខេមរវិទូតម្លៃប្រមាណ១០លានដុល្លារ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រគល់ ឱ្យរាជបណ្ឌិត្យសភាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ — អគារខេមរវិទូតម្លៃប្រមាណ១០លានដុល្លារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីប្រើប្រាស់ជាសាលពហុបំណង កន្លែងធ្វើការ និងជាការិយាល័យទាំង៨វិទ្យាស្ថាន ដែលជាសេនាធិការនៃរាជបណ្ឌិត្យសភា កម្ពុជា។ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​និងជាគណៈកម្មការ​សាងសង់​អគារខេមរវិទូបានឱ្យដឹងថា អគារនេះជាកន្លែងបញ្ញវន្តខ្មែរធ្វើការ សង់ឡើង​កម្ពស់៤​ជាន់ និងមានជាន់ក្រោមដីសម្រាប់ប្រើប្រាស់ធ្វើជាចំណតយានជំនិះ។ ចំណែកឯ ជាន់ផ្ទាល់​ដីរៀបចំជាសាលពហុបំណងចែកចេញជាសាលសន្និសីទ សាលសម្តែងសិល្បៈ សាលសិក្ខា​សាលាដែលអាចដាក់មនុស្សបានចាប់ពី២០នាក់ ៥០នាក់ ២០០នាក់ និងជាង៤០០នាក់។ ឯកឧត្ដមបណ្ឌិតបានបន្ដថា ទីនោះផងដែរក៏ជាកន្លែងបង្ហាញស្នាដៃស្រាវជ្រាវរបស់អ្នកប្រាជ្ញ និងមានបន្ទប់ប្រណិតៗសម្រាប់ទទួលភ្ញៀវទៀត។ ចំណែកនៅជាន់ទី១​ជាកន្លែងថ្នាក់ដឹក​នាំ​រាជ​បណ្ឌិត្យសភា ចាប់ពីថ្នាក់បណ្ឌិតដល់បណ្ឌិត្យសភាចារ្យធ្វើការ។ រីឯជាន់ទី២ ទី៣ និងទី៤ ប្រើប្រាស់សម្រាប់ជាការិយាល័យនៃវិទ្យាស្ថានទាំង៨ដែលចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជាដែលមាន ទី១. វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ទី២. វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យា​សាស្ត្រសង្គម ទី៣. វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ទី៤.​វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី៥. វិទ្យាស្ថានភាសាជាតិ ទី៦. វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។ល។ បូកនឹងឧបសម្ព័ន្ធចំនួន៥គឺ ក្រុមប្រឹក្សាជាតិភាសាខ្មែរ វិទ្យាស្ថានខុងជឺ​នៃរាជបណ្ឌិត្យសភា​កម្ពុជា មជ្ឈមណ្ឌលសិក្សាចិន និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា «អគារដែលមានឈ្មោះថា ខេមរវិទូនេះគឺជាអគារដែលផុស​ឡើងដោយខ្មែរសុទ្ធសាធ គឺស្ថាបត្យករខ្មែរ ហើយជាមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា គូសប្លង់​ហ្នឹងឡើង លុយកញ្ចប់ថវិកាជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អញ្ចឹងជាអគារខ្មែរ ស្ថាបត្យកម្មខ្មែរ អ្នកសាងសង់ក៏ជាខ្មែរ លុយខ្មែរតែម្តង លុយជាតិខ្មែរ​សម្រាប់បម្រើឱ្យការងារស្រាវជ្រាវរបស់ខ្មែរ។”ឯកឧត្តមអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងបន្ថែមថា បច្ចុបន្នរាជ​បណ្ឌិត្យសភាកម្ពុជាបានធ្វើកំណែទម្រង់ជាច្រើនជាពិសេសទៅលើការស្រាវជ្រាវអ្វីដែលថ្មី ដើម្បី​ជាធាតុចូលដាក់ជូនរាជរដ្ឋាភិបាលសម្រាប់អនុវត្តន៍ទៅតាមវិស័យនីមួយៗ និងធ្វើឱ្យ​កាន់តែមានភាពទូលំទូលាយ​ និងសម្បូរបែប ទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយៗ​ទៀត។

សូមបញ្ជាក់ថា អគារខេមរវិទូនេះ មានក្រឡាផ្ទៃសរុប១៦.២៥០ម៉ែត្រការ៉េ ជាប្រភេទ​អគារប្រណិតស្ថិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជានៅតាមបណ្តោយមហាវិថីសហព័ន្ធ រុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគារនេះ ជាស្នាដៃរបស់ស្ថាបត្យ​ករខ្មែរ សុទ្ធសាធ និងត្រូវបានសាងសង់ដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន​សៀមរាប៕

ដោយ គង់ សិរីរ័ត្ន