ឯកឧត្តម ចាន់ យុត្ថា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការបង្កើតគណៈកម្មការដឹកនាំ សម្រាប់អនុវត្តន៍កម្មវិធីការគ្រប់គ្រងធនធានទឹក

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការបង្កើតគណៈកម្មការដឹកនាំ (Program Steering Committee/PSC) សម្រាប់អនុវត្តន៍កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរវិស័យក សិកម្មនៅកម្ពុជា ក្រោមកម្ចីឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ប្រភពពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កិច្ចប្រជុំនេះដែរ ក៏មានការ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងឧត្តមក្រុម ប្រឹក្សាសេដ្ឋកិច្ច តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងសហភាពអឺរ៉ុប (EU) និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល ។

ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងពីការរៀបចំបង្កើតគណៈកម្មការដឹកនាំ (PSC) នេះ គឺដើម្បីឆ្លើយតបទៅនឹងនីតិវិធីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជ រដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។

ឯកឧត្តមបន្តថា គណៈកម្មការដឹកនាំនេះ នឹងដើរតួនាទីស្នូលជាក្រុមប្រឹក្សាផ្តល់យោ បល់ទូទៅ ជាពិសេសលើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេស តាមវិស័យពាក់ព័ន្ធ ដើម្បីធានាឱ្យបានថា ទាំងគោលនយោបាយ ទាំងបច្ចេកទេស ក៏ដូចជាសហប្រតិបត្តិការ ព្រមទាំងមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធទាំងអស់ខាងលើ នឹងក្លាយទៅជាប្រភពធនធានចូល និងជាកាតាលិករដ៏សំខាន់ក្នុងការប្រតិបត្តិកម្មវិធី WAT4CAM ប្រកបទៅដោយសង្គតិភាព និងគ្រប់ជ្រុងជ្រោយ នាថ្ងៃអនាគតខាងមុខ៕

ដោយ សាយ សុន (រូបថត៖ក្រសួងធនធានទឹក )