ចាប់ឆ្នោតគូប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន២០១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — គណៈកម្មការបច្ចេកទេសនៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័នបានរៀបចំចាប់ ឆ្នោតគូប្រកួតដល់ក្រុមទាំង១៦ ដែលបានប្រកួតឈ្នះឡើងមកប្រកួតបន្តនៅវគ្គ១៦ក្រុមចុង ក្រោយ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសុខាភិបាល ក្រោមវត្តមានឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការរៀបចំ ការប្រកួត។ប្រកួត ក្រោមការសម្របសម្រួលដោះស្រាយពី ឯកឧត្តម សុខ សប្បាយណា។ ជាមួយគ្នានោះ ឯកឧត្តមបានបង្ហាញនូវគោលបំណងនៃការរៀបចំ ដោយ សហភាពសហព័ន្ធយុវជនកម្ពុជាថា ជាការផ្តល់ឱកាសដល់កីឡាករជាមន្ត្រីរាជការតាមក្រសួង ស្ថាប័នចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការជាមួយ គ្នាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមចាត់ទុកថា ព្រឹត្តិការណ៍នេះទទួលបាន ភាពជោគ័យជាបន្តបន្ទាប់ ដោយកាលពីរដូវកាលទី១ ការប្រកួតនេះមានក្រុមក្រសួង ស្ថាប័ន ចូលរួមត្រឹម៩ក្រុម រហូតដល់ឆ្នាំទី៦នេះមានក្រុមចូលរួមរហូតដល់៣១ក្រុម​ ក្រោមការជួយ ឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនជាដៃគូ ចំនួន១៦ក្រុមហ៊ុន។

ទាក់ទងនឹងសំណូមពររបស់តំណាងក្រុមនានា នៅក្នុងពិធីបាប់ឆ្នោតនេះ ឯកឧត្តម សុខ សប្បាយណា បានគូសបញ្ជាក់ថា បញ្ហា និងសំណូមពរមួយចំនួនដែលបានលើកឡើង គឺត្រូវបានដោះស្រាយ និងឯកភាពគ្នាក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ដើម្បីជួយជំរុញ​ដល់ដំណើរការព្រឹត្តិការណ៍នេះឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយគ្រោងនឹងចាប់ផ្តើមប្រកួត នាថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០១៩ នៅទីលាន Premium Sport Club ដដែល ដោយមាន៣ប្រកួត ក្នុងនោះ​១ប្រកួតបើកឆាក គឺជាការជួបគ្នារវាងក្រុមធនាគារជាតិនៃកម្ពុជា និងក្រុមសាលាដំបូង​រាជធានីភ្នំពេញ។ នៅថ្ងៃទី០៦កុម្ភៈ មាន៣ប្រកួត និងមាន៣ប្រកួតចុងក្រោយ នៃវគ្គ១៦ក្រុម ចុងក្រោយនេះនឹងធ្វើឡើង នាថ្ងៃទី១០ ខែកុម្ភៈ។

សូមបញ្ជាក់ថា ក្រុមដែលឈ្នះៗនឹងត្រូវឡើងប្រកួតបន្តនៅវគ្គ៨ក្រុមចុងក្រោយ ៤ក្រុម​ចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយនឹង ពីធីបំពាក់មេដាយ ប្រគល់ពានរង្វាន់ជូន ដល់ម្ចាស់ជ័យលាភី នាឱកាសនោះផងដែរ៕

ដោយ ហេង ណាលីន