ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងដាក់ឱ្យប្រើជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខែ្មរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលគេស្គាល់ថា ស្ពានជ្រោយចង្វារទី១នោះនឹងដាក់ឱ្យប្រើជាបណ្តោះអាសន្នបន្ទាប់ពីជួស ជុលនៅមុនបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត។

ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា មកដល់ពេល នេះ ការជួសជុលឡើងវិញនៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន សម្រេចបានលទ្ធផលប្រមាណ ៩៣ភាគរយ លឿនជាងការគ្រោងទុក១៤ភាគរយ ដោយគ្រោងសុំគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីដាក់ឱ្យធ្វើចរាចរជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ។

ឯកឧត្តមបានឱ្យដឹងទៀតថា ក្រុមអ្នកបច្ចេកទេសកំពុងរៀបចំដាក់តួធ្នឹមស្ពាន និងអំពូលភ្លើងបំភ្លឺថ្មីនៅលើស្ពាន ក្រោយពីបានជួសជុលរួចទាំងស្រុងនូវក្បាលសងខាង នៃស្ពាន និងតួស្ពាន ព្រមទាំងបានសម្រេចការងារមួយចំនួនដូចជាការអ៊ុតផ្លូវកៅស៊ូថ្មី ការលាបពណ៌ដែកនៅលើបង្គំតួស្ពាន ការប្តូរបង្កាន់ដៃថ្មីនៅលើតួស្ពានផ្នែកកណ្តាលទន្លេ។

គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជាហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ប្រហែល៣៣លានដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិ ក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស។

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជាប្រធានប្រតិបត្តិគម្រោងស្តារ ឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន  បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួង និងក្រុមហ៊ុនទទួល បានសិទ្ធិសាងសង់ បានខិតខំប្រឹងប្រែងសម្រុកការជួសជុលឡើងវិញ ទាំងថ្ងៃទាំងយប់ ដើម្បី សម្រេចនូវគម្រោងនេះបានមុនកាលបរិច្ឆេទដែលបានគ្រោងទុក សម្រាប់ប្រយោជន៍ បង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

បើផ្អែកលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនគម្រោងស្តារឡើង វិញស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ក្រោយពីបានផ្អាកដំណើរ ឆ្លងកាត់ ដើម្បីជួសជុលឡើងវិញកាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ទៅលើផ្នែកទ្រុឌទ្រោមខ្លាំង នៅផ្នែកខាងក្រោម និងមានសសរជាច្រើនប្រះស្រាំ ដោយមិនអាចទ្រនឹងទម្ងន់បាន។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលកាលដើមឡើយមានឈ្មោះថាស្ពានជ្រោយចង្វារ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៦ ប៉ុន្តែក្រោយមកត្រូវបានកាត់ផ្ដាច់នៅក្នុងរបបខ្មែរក្រហម ហើយត្រូវបានជួសជុល និងភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៥  ក្រោមជំនួយរបស់ប្រទេសជប៉ុន៕

ដោយ ងិន សុផល