កម្ពុជាដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លង ដែនអេឡិកត្រូនិកជាលើកដំបូង

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ — កម្ពុជាបានដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លង ដែនអេឡិកត្រូនិក(E-passports) ជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បី ជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ។ ការដាក់ឱ្យដំណើរការនេះ  ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។ ឯកឧត្តម នាយឧត្តមសេនីយ៍ សេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ដំណើរការ នៃម៉ាស៊ីននេះ មានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺគាត់ចំណាយពេលតិច លឿនរហ័ស ដែលជាសេវាដែលធ្វើដោយខ្លួនឯង។ ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធនេះបង្ក លក្ខណៈងាយស្រួលច្រើន ដែលធ្វើឱ្យអ្នកដំណើរជាប្រជាពលរដ្ឋខ្មែរយើងសប្បាយរីករាយ ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល។

សូមជម្រាបថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០១៩ បានដាក់ឱ្យដំណើរការប្រើប្រាស់ជាលើកដំបូងប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច(E-gates) ដើម្បីឱ្យអ្នកធ្វើដំណើរតាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀម រាប ដែលប្រជាពលរដ្ឋខ្មែរ ចេញ-ចូលតាមអាកាសយាន្តដ្ឋានទាំងពីរនេះ ដោយមិនបាច់ទៅ​កាន់​បញ្ជរដែលមានមន្ត្រីអន្តោប្រវេសន៍ ធ្វើការត្រួតពិនិត្យដូចពេលកន្លងមកទៀតនោះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានអះអាងថា ប្រជាពលរដ្ឋ អាចដំណើរការដោយ​ខ្លួនឯង ដោយមិនបាច់មានមន្ត្រីអន្តោប្រវេសន៍ លើកលែងតែមានឧបសគ្គខ្លះៗ ជាបច្ចេកទេស ទើបត្រូវការជំនួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ដោយសារតែប្រព័ន្ធនេះ ជាស្វ័យប្រព័ន្ធ។

ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនេះ ត្រូវបានអ្នកដំណើរបង្ហាញនូវការ​សាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះ ប្រព័ន្ធនេះ ដែលនឹងចូលរួមកាត់បន្ថយ​នូវនីតិវិធីដែល​ធ្លាប់បានអនុវត្តន៍កន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរទៅក្រៅប្រទេស៕

ដោយ ចាន់ សុធីវង្ស