ឯកឧត្ដម ឃួង ស្រេង៖ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវតែយកចិត្តទុកដាក់​ខ្ពស់បន្ថែមទៀត​ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់ចរាចរ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ក្នុងរាជធានីភ្នំពេញ ពីព្រោះថា តាមតួលេខបានបង្ហាញគ្រោះថ្នាក់ចរាចរ នៅក្នុងរាជធានីភ្នំពេញមានចំនួនច្រើនជាងគេនៅទូទាំងប្រទេស ជារៀងរាល់ឆ្នាំ ។ដូច្នេះទាំងអាជ្ញាធរដែនដី ទាំងសមត្ថកិច្ចជំនាញត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដមបន្តថា យើងអាចទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទបានល្អប្រសើរ ការ ពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែរជាមកទប់មិនបានពីរឿងគ្រោះថ្នាក់ចរាចរទៅវិញ ដូច្នេះការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ត្រូវតែហ្មត់ចត់បន្ថែមទៀត ។

កន្លងមកគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរកើតមានពេលយប់ច្រើនជាងពេលថ្ងៃដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃក្នុងចំនួនច្រើន ។

តាមសេចក្តីរាយការណ៍ របស់ឯកឧត្ដម ឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០១៩នេះ បទល្មើសគ្រប់ប្រភេទបានថយចុះច្រើន។ ជាមួយគ្នានេះឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីដែលបានប្រឹងប្រែងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរ និងទទួលបានការកោតសរសើរពីប្រជាពល រដ្ឋ និងពីថ្នាក់ដឹកនាំសម្រាប់ពិធីសំខាន់ៗចំនួន៣កន្លងមកនេះ មានពិធីសម្ពោធវិមានឈ្មះៗ,ពិធីឆ្លងឆ្នាំសកល និងពិធី ទិវាជ័យជម្នះ៧មករា ជាដើម៕

ដោយសួស សំរិត